មន្រ្តីជាន់ខ្ពស់អាមេរិកសម្តែងការព្រួយបារម្ភ ក្រោយនាវាចម្បាំងចិន និងរុស្ស៊ីបានធ្វើនាវាចរណ៍នៅដែនសមុទ្រជប៉ុន
វ៉ាស៊ីនតោន៖ លេខាធិការនៃកងទ័ពជើងទឹកអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពីនាវាចម្បាំងចិន និងរុស្ស៊ីដែលធ្វើនាវាចរណ៍នៅឆ្នេរសមុទ្រជប៉ុន។ យ៉ាងណាមិញ លោក Carlos Del Toro បាននិយាយថា សកម្មភាពរបស់ពួកគេមិនផ្អែកលើនីតិរដ្ឋ និងបង្កការគំរាមកំហែងនោះទេ។
កាលពីថ្ងៃទី ១៨ ខែតុលា នាវាយោធាចិន និងរុស្ស៊ីចំនួន ១០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Tsugaru ។ ដែនទឹកស្ថិតនៅចន្លោះកោះសំខាន់របស់ប្រទេសជប៉ុនគឺ Honshu និង Hokkaido ។ បន្ទាប់មក នៅថ្ងៃសុក្រសប្តាហ៍មុន ពួកគេបានជិះឆ្លងកាត់ច្រកសមុទ្រ Osumi ចេញពីឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន។ ដែនទឹកទាំងពីរនេះ គឺជាផ្លូវទឹកអន្តរជាតិ។ កប៉ាល់បរទេស រួមទាំងនាវាចម្បាំងត្រូវបានអនុញ្ញាតឱ្យធ្វើនាវាចរឆ្លងកាត់ពួកគេ។
លោក Del Toro បាននិយាយថា ការរារាំងនឹងជួយឲ្យចិន និងរុស្ស៊ីទទួលស្គាល់សណ្តាប់ធ្នាប់អន្តរជាតិ និងថា នោះជាគន្លឹះមួយសម្រាប់ស្ថិរភាពក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបានសន្យានឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសជប៉ុន និងប្រជាជាតិនានាក្នុងតំបន់។ ដោយឡែកមន្ត្រីក្រសួងការពារជាតិជប៉ុនក៏បានបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលពួកគេបានឃើញនាវាចម្បាំងចិន និងរុស្ស៊ី បើកកាត់តាមច្រកសមុទ្រក្នុងពេលតែមួយ៕ ប្រភព៖ NHK
