ប្រេសិតពិសេសយូអិនប្រចាំប្រទេសមីយ៉ាន់ម៉ា៖ ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាមិនអាចបញ្ឈប់អំពើហិង្សានោះឡើយ
យូអិន៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី គ្រីស្ទីន ស្ក្រាណឺ (Christine Schraner) ដែលនឹងផុតអាណត្តិនៅសប្តាហ៍នេះ បន្ទាប់ពីបានបំពេញការងារអស់រយៈពេល៣ឆ្នាំមកនេះថ្លែងថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា នឹងមិនអាចបញ្ឈប់អំពើហិង្សានោះឡើយ ហើយព្រមានថា វានឹងរុញច្រានប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅរកអស្ថិរភាពកាន់តែខ្លាំង និងអាចក្លាយជារដ្ឋដួលរលំ។
លោកស្រី គ្រីស្ទីន ស្ក្រាណឺ បានប្រាប់កាសែតរ៉យទ័រថា ខ្ញុំសង្ឃឹមថា សហគមន៍អន្តរជាតិនឹងមិនបោះបង់ចោលឡើយ… យើងគួរតែរក្សាជំហរឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា។ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរែស បានតែងតាំងលោក ណូអែលលីន ហេហ្ស៊ឺ មានសញ្ជាតិសង្ហិបុរី ដែលជាអតីងអ្នកការទូតជាន់ខ្ពស់របស់យូអិន ជាបេសកជនពិសេសថ្មីរបស់លោកប្រចាំប្រទេសមីយ៉ាន់ម៉ា។
ហើយនៅក្នុងថ្ងៃចន្ទដដែលនេះ របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនអាចនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះឡើយ បន្ទាប់ពីអាស៊ានបានបញ្ជាក់គោលជំហររបស់ខ្លួន ដោយមិនស្វាគមន៍លោក មីន អោង ហ្លេង ទៅចូលរួមក្នុងនាមជាមេដឹកនាំប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ CNA


