លោក ចូ បៃដិន នឹងដឹកនាំក្រុមប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយអាស៊ាន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) នៅថ្ងៃអង្គារនេះជាលើកដំបូងបំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។
ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេបានប្រាប់កាសែតរ៉យទ័រថា លោក បៃដិន នឹងដឹកនាំក្រុមប្រតិភូអាមេរិកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាផ្នែកមួយនៃកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាននៅក្នុងសប្ដាហ៍នេះ។ សហរដ្ឋអាមេរិក មិនធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានាធិបតីនោះទេ ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក្នុងទីក្រុងម៉ានីល កាលពីឆ្នាំ២០១៧មក។ ក្រុមអ្នកវិភាគយល់ថា ជំនួបរវាងលោក បៃដិន និងមេដឹកនាំអាស៊ានទាំង១០ គឺឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលរបស់លោក ក្នុងការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និងប្រទេសដៃគូក្នុងតំបន់អាស៊ីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន។ ពួកគេបានរំពឹងថា លោក បៃដិន នឹងផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។
បន្ថែមលើនេះ លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការធានាមួយចំពោះអាស៊ានថា កិច្ចសន្ទនាសន្តិសុខចតុភាគីជាមួយឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដែលហៅកាត់ថា ក្វាដ (Quad) រួមទាំងសម្ព័ន្ធភាពត្រីភាព AUKUS ដែលនឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងមិនបំផ្លាញតួនាទីរបស់អាស៊ាននៅក្នុងតំបឡើយ៕ ប្រភព៖ CNA

