សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រគល់វ៉ាក់សាំងការពារកូវីដ១៩ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នេះបើយោងតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។
សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងលោកជំទាវ ឱ វណ្ណឌីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច រៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលាខាងមុខនេះ នៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។
សូមជំរាបថា ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាល ប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕
