លោក ចូ បៃដិន ប្រកាសពីផែនការចំណាយជាប្រវត្តិសាស្ត្រសំដៅបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសពីផែនការជាប្រវត្តិសាស្ត្រសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ ខណៈដែលលោកបានព្យាយាមដាក់សម្ពាធលើអ្នកជំទាស់នៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោកអោយគាំទ្រផែនការនេះ ក្រោយការចរចាដ៏ចម្រូងចម្រាស់អស់ជាច្រើនខែ។
លោក ចូ បៃដិន បានថ្លែងបន្ទាប់ពីការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាថា ខ្ញុំដឹងថា យើងមានក្របខ័ណ្ឌសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ… វាជាក្របខ័ណ្ឌដែលនឹងបង្កើតការងាររាប់លាន ជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេសជាតិ និងប្រជាជនរបស់យើង ប្រែក្លាយវិបត្តិអាកាសធាតុទៅជាឱកាស ហើយនឹងដាក់យើងលើផ្លូវត្រូវមួយ ដែលមិនត្រឹមតែដើម្បីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយកឈ្នះលើការប្រកួតប្រជែងសេដ្ឋកិច្ច សម្រាប់សតវត្សរ៍ទី ២១ ទៅលើចិន និងគ្រប់ប្រទេសធំៗផ្សេងទៀតក្នុងពិភពលោក។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងដាក់បញ្ចូលនូវផែនការជាប្រវត្តិសាស្ត្រ តាមរយៈការរៀបចំអនុម័តកញ្ចប់ថវិកា១.៧៥ទ្រីលានដុល្លារសម្រាប់កម្មវិធីកសាងសុខុមាលភាពសង្គមឡើងវិញឲ្យប្រសើរឡើង (Build Back Better) ដែលជាការរួបរួមជាមួយប្រជាជនអាមេរិក សម្រាប់ការកសាងសង្គមដែលមានសមធម៌ និងបៃតងជាងមុន ស្របតាមរបៀបវារៈកសាងភាពស្តុកស្តម្ភក្នុងប្រទេសរបស់លោក ចូ បៃដិន កន្លងមកនេះ៕ ប្រភព៖ CNA
