លោក ឃីម ឡាគី អតីតតំណាងរាស្ត្របក្សប្រឆាំងស្នើសុំបង្កើត“គណបក្សអនាគតជាតិ”

ភ្នំពេញៈលោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះពាក្យស្នើសុំបង្កើតគណពក្សនេះ គឺក្រសួងបានទទួលរួចហើយ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា ក្រសួងមហាផ្ទៃបានទទួលពាក្យស្នើសុំបង្កើតគណបក្ស «អនាគតជាតិ» របស់លោកឃីម ឡាគី រួចហើយ។

សូមជម្រាបថា លោក ឃីម ឡាគី បានដាក់ពាក្យសុំបង្កើតគណបក្ស «អនាគតជាតិ» ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី២៩ ខែតុលានេះ ក្រសួងមហាផ្ទៃនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរង់ចាំខាងជំនាញពីនិត្យមើលសិន។

គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប គឺលោក ឃីម ឡាគី និងលោក ម៉ៅ សុផល។

គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ មានមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៦រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី មានដូចជាៈ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សខ្មែរអភិរក្ស។ លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សកែទម្រង់កម្ពុជា។ លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ។ លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បង្កើតគណបក្សកម្ពុជានិយម៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner