កម្ពុជាប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ
ភ្នំពេញ៖ឆ្នាំនេះ គឺជាឆ្នាំទី២ហើយ ដែលកម្ពុជាប្រារព្ធទិវា ពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ តាមប្រព័ន្ធវីដេអូអនឡាញ ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភពលោក ហើយត្រូវបានគេចាត់ទុកជំងឺនេះ ជាបញ្ហាធំ-មួយ ដែលធ្វើឱ្យពិភពលោក ខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមកដល់ពេលនេះ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បន្តថា៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់ នូវវិធានការក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺ កូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងរកទិញវ៉ាក់សាំង ពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈ យុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍ និងឈានទៅបន្តជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ក្នុងការទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាព ប្រាក់ចំណូ-
ល របស់កម្មករនិយោជិត រាជរដ្ឋាភិបាល បានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ ចំនួន ៩ជុំ រួចមកហើយ ក្នុងនោះ សម្រាប់វិស័យការងារ ក៏បានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់ របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឱ្យរោងចក្រ សហគ្រាស នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ តាមគោលដៅដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ អាចព្យួរកិច្ចសន្យាការងារ ដោយកម្មករ និយោជិត ទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ ខណៈនិយោ-
ជក ក៏ទទួលបាននូវការអនុគ្រោះ ចំពោះកាតព្វកិច្ចមួយចំនួន ដូចជា ការលើកលែងបង់ភាគទាន របបសន្តិសុខ-សង្គមជាដើម។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅកន្លែងធ្វើការ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកបន្ថែមទៅដល់ ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់រួមមាន ៖
- បន្តអនុវត្តតាមសេចក្តីជូនដំណឹង របស់ក្រសួងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល នៃជំងឺ កូវីដ-១៩ នៅកន្លែងធ្វើការ
- រៀបចំកន្លែងលាងសម្អាតដៃ ឬកំប៉ុងទឹកអាល់កុល ឬជែលសម្រាប់កម្មករនិយោជិត លាងសម្អាតទៅតាមទីតាំងដែលប្រើប្រាស់រួមគ្នា ដូចជាច្រកចេញចូល កន្លែងហូបបាយ បន្ទប់ទឹកជាដើម
- ត្រូវណែនាំដល់កម្មករនិយោជិតឱ្យធ្វើអនាម័យដៃជាប្រចាំនៅកន្លែងធ្វើការ
- បង្កើនការយកចិត្តទុកក្នុងការបាញ់សម្លាប់មេរោគនៅតាមកន្លែងធ្វើការ អគារផលិតកម្ម និងកន្លែងប្រើប្រាស់រួមគ្នា
- ធានាថាមានការរក្សាគម្លាតសង្គមនៅកន្លែងធ្វើការ និងក្រៅ តាមដែលអាចធ្វើទៅបាន
- ណែនាំដល់កម្មករនិយោជិតឱ្យពាក់ម៉ាស់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន “៣កុំ ៣ការពារ”
- ត្រូវរៀបចំឱ្យមានប្រព័ន្ធឃ្លាំមើល និងតាមដានសុខភាពរបស់កម្មករនិយោជិតនៅក្នុង រោងចក្រ សហគ្រាស៕
ទិវាពិភពលោកនេះ មានគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិត របស់កម្មករនិយោជិត ជាពិសេស ផលប៉ះពាល់ទៅនឹងស្ថានភាព សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិ ជាដៃគូ សមាគមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើកកម្ពស់វប្បធម៌ នៃការបង្ការសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ និងជំរុញការលើកកម្ពស់ បន្ថែមចលនាទាក់ទាញ ការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅទូទាំងពិភពលោក។ ដោយ/ វ៉េង លឹមហួត