រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានរ៉យទ័រ (Reuters)
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រាក់ សុខុន បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធតេឡេក្រាម ជាមួយ លោក ប្រាក់ ចន្ធុល នៃសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖
សំណួរ៖ តើកម្ពុជានឹងនៅតែមិនអញ្ជើញ លោក មីន អោងឡាំង (Ming Aung Hlaing) ដូចដែលប្រទេសព្រុយណេបានធ្វើ ឬយ៉ាងណា? តើអ្វីទៅជាយុទ្ធសាស្រ្តរបស់កម្ពុជា?
ចម្លើយ៖ ការសម្រេចចិត្តអញ្ជើញតំណាងដែលមិនមែនជាអ្នកនយោបាយមកពីទីក្រុងណៃពីដោរ គឺជាការសម្រេចរបស់ប្រធានអាស៊ាន ក្រោយកិច្ចប្រជុំបន្ទាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន មិនអាចឈានទៅដល់ការឯកភាពជាឯកច្ឆន្ទ (consensus) លើតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់ពីខ្វះខាតនូវវឌ្ឍនភាពពិតប្រាកដនៅក្នុងការអនុវត្តការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន (5PC) ជាពិសេសការទាមទារមិនបានសម្រេចដោយប្រេសិតពិសេសក្នុងការអាចជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាជំហានដ៏ចាំបាច់ក្នុងការត្រួសត្រាយផ្លូវឱ្យមានការសន្ទនាដោយពិតប្រាកដ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រធានអាស៊ានបានផ្ញើលិខិតអញ្ជើញតាមការសម្រេចចិត្តបែបនេះ ប៉ុន្តែមីយ៉ាន់ម៉ាបានជ្រើសយកការមិនចូលរួម។
មីយ៉ាន់ម៉ា គឺជាសមាជិកមួយរបស់គ្រួសារអាស៊ាន ហើយខណៈពេលដែលយើងទាំងអស់គ្នាគោរពគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ស្ថានការណ៍ នៅក្នុងប្រទេសម៉យ៉ាន់ម៉ា គឺជាកម្មវត្ថុនៃការព្រួយបារម្ភយ៉ាងខ្លាំង និងមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ ជំនឿទុកចិត្តទៅលើសមាគមន៍ ប្រជាជនមីយ៉ាន់ម៉ាដែលជាបងប្អូនប្រុសស្រី របស់យើង។
ខណៈពេលដែលយើងមានអភិក្រមខុសៗគ្នា ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា លើមាគ៌ាវិលទៅរក ប្រក្រតីភាព គ្មានអ្នកណាម្នាក់បានជំទាស់ទៅនឹងការសម្រេចចិត្តរបស់ប្រធានអាស៊ានទេ លើកលែងតែប្រទេសមីយ៉ាន់ម៉ា។
ការពិតដ៏សាមញ្ញា គឺថា ប្រទេសជាសមាជិកអាស៊ានទាំង៩ ចង់ជួយមីយ៉ាន់ម៉ាឱ្យចៀសផុតពីសោកនាដកម្មបន្តទៀត ខណៈដែលប្រទេសនេះកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមស៊ីវិល ការប្រឈមជាមួយការលំបាកដ៏ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សុខភាព និងមនុស្សធម៌។
កម្ពុជាមានបទពិសោធន៍ និងរៀនសូត្រពីទុក្ខវេទនាក្នុងអតីតកាលរបស់ខ្លួន និងបានអនុវត្ត ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កម្ពុជា សង្ឃឹមថា មេរៀនទាំងអស់នេះអាចមានប្រយោជន៍ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិរបស់ខ្លួន បើទោះបីជាបរិបទ និងលក្ខណៈពិសេសនៃប្រទេសយើងទាំងពីរមិនដូចគ្នាទាំង ស្រុងក្តី។
នៅចុងបញ្ចប់ ខ្ញុំគិតថា ច្រកចេញនៃវិបត្តិនេះ គឺអាស្រ័យលើតួអង្គជាច្រើននៅក្នុងប្រទេស មីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់ ជាជាងការជួយពីខាងក្រៅ។ ទោះបីជាយ៉ាងនេះក្តី កម្ពុជាត្រៀមលក្ខណៈ រួចជាស្រេចដើម្បីជួយ និងធ្វើនូវអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។
សំណួរ៖ សូមអរគុណ ឯកឧត្តម សម្រាប់ការឆ្លើយតបរបស់ ឯកឧត្តម។ តើឥស្សរជនរូបណា នឹងត្រូវបានតែងតាំងជាប្រេសិតរបស់កម្ពុជាលើបញ្ហាមីយ៉ាន់ម៉ា?
ចម្លើយ៖ លោកនឹងដឹងនៅពេលពេលវេលាមកដល់។
មានរឿងមួយទៀត ៖ វាមិនសក្តិសមទាល់តែសោះក្នុងការនិយាយអំពីការមិនរាប់បញ្ចូលអ្នកណាម្នាក់នៅក្នុងពេលនេះ។ មានរឿងជាច្រើន ប្រហែលជាអាច និងត្រូវតែវិវត្ត ប៉ុន្តែដូចអ្វីដែលខ្ញុំបានលើកឡើងនៅមុននេះរួចហើយ គ្រប់យ៉ាងគឺអាស្រ័យលើប្រទេសមីយ៉ាន់ម៉ាខ្លួនឯង…
សំណួរ៖ សូមអរគុណ ឯកឧត្តម ហើយ អ្នកនាំពាក្យក្រសួងបាននិយាយថា កម្ពុជា នឹងតែងតាំងប្រេសិត ថ្មីម្នាក់ តើជាការពិតដែរឬទេ?
ចម្លើយ៖ យើងកំពុងតែនិយាយអំពីប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើការព្រមព្រៀង ជា ឯក ច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន (5PC)។ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅពេលខាងមុខ នឹងតែងតាំងប្រេសិតពិសេស ដែលនឹងបន្តការងារពីប្រេសិតពិសេសនៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំ២០២២៕
