រឿងដីអាងទឹកដងទង់! ប្រធានមន្ទីររៀបចំដែនដីខេត្តលួចចេញប្លង់រឹងឱ្យក្រុមហ៊ុនសេង សម្បត្តិ
ភ្នំពេញៈខណៈវិវាទដីអាងទឹកដងទង់រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសេង សម្បត្តិ ដោះស្រាយមិនទាន់ចប់ផងនោះ ស្រាប់តែលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹង លេខ០៧០៥០៦០១-១១៥៦ ស្ថិតនៅភូមិសុភី ឃុំស្រែជាងខាងជើង ស្រុកដងទង់ ទំហំជាង១០ហិកតា នឹងកែប្រែដីកសិកម្ម ទៅជាដី «សាងសង់» ដើម្បីបំពេញបំណងជូនលោក សេង សម្បត្តិ។
ការចេញប្លង់រឹងនេះ បានធ្វើឡើងកាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលោក សេង សម្បត្តិ បានដាក់ពាក្យស្នើសុំចុះបញ្ជីលើដីទំនាស់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម ម៉ៅ ធនិន
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី បានប្រកាសបើកការស្រាវជ្រាវស៊ើបអង្កេតផ្លូវច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួនដែលអនុវត្តផ្ទុយនឹងច្បាប់ និងដាក់ពិន័យមន្ត្រីទាំងនោះ បើរកឃើញថាមានការអនុវត្តខុសពាក់ព័ន្ធទៅនឹងករណីទិញលក់ដីអាងទឹកដងទង់ ជាមួយក្រុមហ៊ុន សេង សម្បត្តិ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅភូមិស្រែជាខាងជើង ឃុំដងទង់ ជាមួយក្រុមហ៊ុនសេង សម្បត្តិ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកដងទង់។
ឯកឧត្តមអភិបាលខេត្ត ក៏បានឯកភាពការទិញសិទ្ធិអាស្រ័យផលពីប្រជាពលរដ្ឋ១៩គ្រួសារ រក្សាសិទ្ធិនៅដដែល និងបញ្ជាឲ្យក្រុមហ៊ុន សេង សម្បត្តិ រុះរើរបងដែលធ្វើរំលោភលើដីប្រជាពលរដ្ឋចេញ។ បើក្រុមហ៊ុនចង់វិនិយោគត្រូវរៀបចំឯកសារច្បាប់ដាក់មកខេត្តដើម្បីខេត្តពិនិត្យមើល។
បន្ទាប់ពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋឡើងមានមតិផ្តល់អំណះអំណាងរៀងៗខ្លួនមក អភិបាលខេត្តបានធ្វើការសម្រេចដូចតទៅៈ ក្រុមហ៊ុនដែលបានទិញសិទ្ធអាស្រ័យផល ពីប្រជាពលរដ្ឋទាំង១៩គ្រួសារ ក្រុមហ៊ុននៅបន្តអាស្រ័យផលដដែល ហើយក្រុមហ៊ុនត្រូវស្នើសុំច្បាប់អភិវឌ្ឍនតាមនីតិវិធីច្បាប់។ ចំពោះលិខិតស្នាមពាក់ព័ន្ធជាមួយអាជ្ញាធរ ឯកឧត្តមនឹងពិនិត្យស្រាវជ្រាវទៅលើផ្លូវច្បាប់ថា តើមន្ត្រីណាម្នាក់ដែលអនុវត្តផ្ទុយពីច្បាប់ មន្ត្រីនោះនឹងត្រូវទទួលវិធានការរដ្ឋបាល។
ឯកឧត្តម ម៉ៅ ធនិន អភិបាល បានលើកឡើងនៅក្នុង «វេទិកាសាធារណៈ» ជួបជាមួយពលរដ្ឋរងគ្រោះដីធ្លីខាងលើកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ថា ឯកឧត្តមមានការព្រួយបារម្ភខ្លាចបាត់បង់ដីអាងទឹកដងទង់ ដែលជាដំណក់ញើសឈាមប្រជាពលរដ្ឋជំនាន់មុន។ ក្រុមហ៊ុនបានទិញដីមិនស្គាល់ប្រវត្តិអាងទឹកនេះច្បាស់លាស់។ ឯកឧត្តមបានចោទជាសំណួរគ្មានចម្លើយថា «តើវាខ្វះណាស់ទៅឬ ស្រុកដងទង់ ហ្នឹង មានដីអភិវឌ្ឍន៍តែ មួយកន្លែងហ្នឹង? បើអភិវឌ្ឍន៍មានការក្ដៅក្រហាយបែបនេះ ឯកឧត្តមក៏ពិបាកទទួលយកដែរ…!»។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត 
អាងទឹកដង់ទង់ កាលមិនទាន់ចាក់ដីលុប
ទាក់ទងរឿងក្រុមហ៊ុន សេង សម្បត្តិ បានទិញដីស្រែអាស្រ័យផលពីពលរដ្ឋចំនួន១៩គ្រួសារនោះ ឯកឧត្តមអភិបាលខេត្តបាននសង្កត់ធ្ងន់ថា ក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» ប៉ុណ្ណោះ។ បើសិនជាក្រុមហ៊ុនចង់ដូរដីកសិកម្មទៅជាដីអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងលក់ដូរដូចសព្វថ្ងៃនេះ គឺឯកឧត្តមអភិបាលខេត្តតម្រូវឱ្យមានការស្ទាបស្ទង់ចិត្តពលរដ្ឋជាមុនសិន។ សម្រាប់អ្នកលួចលក់ «ដីអាងទឹកដងទង់» ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ចំពោះលិខិតស្នាមទិញលក់ដីនេះនាពេលកន្លងមក ឯកឧត្តមនឹងបើកការស៊ើបអង្កេតទៅតាមផ្លូវច្បាប់បន្តទៀត ហើយបើសិនជាមានអ្នកធ្វើខុសនឹងមានវិធានការរដ្ឋបាល។ រាល់ការទិញដីអាងទឹកនេះ មានលក្ខណៈខុសច្បាប់ស្ទើរតែទាំងអស់។
ទាក់ទងករណីនេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីយ៉ាងតិចចំនួន៦គ្រួសារ បានដាក់ពាក្យប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះរយៈពេលមិនបានប្រហែលពីរខែផងលោក ដាញ់ សារី បានជម្នះចេញប្លង់រឹងទាំងចម្រូងចម្រាសឱ្យលោក សេង សម្បត្ដិ ពី «ដីកសិកម្ម» ប្រែក្លាយទៅជា «ដីសាងសង់» យ៉ាងតក់ក្រហល់បំផុត។ ប៉ុន្តែរឿងនេះមិនទាន់ប្រាកដថា ជោគជ័យ១០០ភាគរយនោះទេ ព្រោះអភិបាលខេត្តថ្មី បានសន្យាជាសាធារណៈមុខពលរដ្ឋទូទៅថា នឹងបើកការស៊ើបអង្កេតអំពីភាពមិនប្រក្រតីនេះឡើងវិញ។
ប្រជាពលរងគ្រោះវិវាទដីធ្លីជាច្រើនគ្រួសាររស់នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ បានទទូចស្នើសុំទៅឯកឧត្តមអភិបាលខេត្តកំពត, អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន សូមចាត់វិធានការទៅលើប្រធានមន្ទីររៀបចំដែនដីគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានលួចចេញប្លង់រឹងទៅឱ្យលោក សេង សម្បត្តិ ស្ងាត់ៗនៅលើដីអាងទឹកកំពុងតែមានទំនាស់ដោះស្រាយមិនទាន់ចប់។ ក្នុងចំណោមប្រជាពលរដ្ឋ១៩គ្រួសារ ដែលក្រុមហ៊ុន សេង សម្បត្តិ អះអាងថា ទិញដីបានហើយនោះ គឺនៅមានពលរដ្ឋមួយចំនួនធំឱ្យលុយមិនទាន់គ្រប់។ ផ្ទុយពីនេះក៏មានម្ចាស់អាស្រ័យខ្លះក៏បានទទួលលុយគ្រប់ចំនួនផងដែរ ក្រោមរូបភាពតវ៉ាយកដីវិញ។ ចំណែកប្រជាពលរដ្ឋដែលនៅសេសសល់មិនព្រមទទួលលុយសោះពីក្រុមហ៊ុននោះមានចំនួន៤គ្រួសារទៀត។ ប្រជាពលរដ្ឋដែលមិនទាន់បានទទួលលុយគ្រប់ចំនួនពីការលក់ដីអាស្រ័យផលក្នុងអាងទឹកខាងត្បូងសាល ស្រុកដងទង់ កំពុងត្រូវបានក្រុមហ៊ុនយកធ្វើជាចំណាប់ខ្មាំង និងជាខែលការពារសម្រាប់តទល់ជាមួយពលរដ្ឋ៤គ្រួសារដែលមិនទាន់ទទួលបានលុយមួយរៀលពីក្រុមហ៊ុននោះ។

លោកសេង សម្បត្តិ ប្រធានក្រុម ហ៊ុន សេង សម្បត្តិ 
លោក ប៉ិល កុលស អភិបាលរងខេត្តកំពត
ឯកឧត្តមអភិបាលខេត្តថ្មីបានបញ្ជាក់ថា «មិនមែនយើងមានលុយធ្វើអ្វីៗបានតែទាំងអស់ឯណា? ការអភិវឌ្ឍ គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់វិនិយោគត្រូវសួរចិត្តបងប្អូនយើងសិន! បើគាត់យល់ព្រមចាំធ្វើ។ អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញ…។ ក្រុមហ៊ុនទិញដីបានប៉ុន្មានយកវិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែអាស្រ័យផល បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិតបញ្ជាក់តាមផ្លូវច្បាប់»។
ជុំវិញការលួចលក់ដីអាងទឹកនេះ គឺមានមន្ត្រីពាក់ព័ន្ធពុករលួយជាច្រើននាក់ជាប់ពាក់ព័ន្ធដូច សម្លកំពឹស ក្នុងនោះមានដូចជា លោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខែត្រជាមេចំណែក លោក ប៉ិល កុលស អភិបាលរងខេត្ត លោក ដាញ់ សារី ប្រធានមន្ទីរដែនដីខែត្រ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្ត ហើយមានរហូតដល់មន្ត្រីមូលដ្ឋានស្រុកឃុំ និងភូមិថែមទៀតផង។
គួរបញ្ជាក់ថា លោក ដាញ់ សារី គឺជាមនុស្សទីមួយដែលដឹងថា ក្រុមហ៊ុនចាក់ដីបង្កើតគម្រោងប្រកាសលក់បុរី និងធ្វើសកម្មភាពនានា នៅលើទំនាស់នោះសុទ្ធតែគ្មានច្បាប់អនុញ្ញាត ហើយខ្លួនលោកផ្ទាល់ក៏ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលផងដែរ ដែលបានចុះហត្ថលេខាចេញប្លង់រឹងឱ្យទៅលោក សេង សម្បត្តិ នៅលើដីកំពុងតែមានទំនាស់។ ចំណុចគួរឱ្យចាប់អាម្មរណ៍នោះ អភិបាលខេត្តថ្មីនឹងមានវិធានការបែបណាទៅលើមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួន ដែលបានគប់គិតគ្នាលួចលក់ដីអាងទឹកដងទង់៕
ដោយៈពលជ័យ

លោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខេត្តកំពត ជាមេចំណែក យកលុយពីលោកសេង សម្បត្តិ ចែកដល់មន្ត្រីពាក់ ព័ន្ធ 


ក្រុមហ៊ុន សេង សម្បត្តិ ព័ន្ធរបងអាងទឹកដង់ទង