រដ្ឋបាលរាជធានីភ្នំពេញប្រកាសពីការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ០៥ឆ្នាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ភ្នំពេញ ៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងទៅ កុមារ-យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និង កុមារអាយុចាប់ពី ០៦ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ “ដូសជំរុញ” នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។ យ៉ាងណាមិញ ក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុ ០៥ឆ្នាំ បន្ថែមទៀត ក្នុងគោលដៅកាត់ផ្ដាច់ការ គំរាមកំហែងនៃមេរោគកូវីដ-១៩ តាមរយៈការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ០៥ឆ្នាំ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី រសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលមានទីតាំងចំនួន ៤២ ទីតាំង ដែលបាន កំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។







