ក្រសួងមហាផ្ទៃស្នើឱ្យលោក ឃីម ឡាគី រៀបចំសញ្ញាសម្គាល់“គណបក្សអនាគតជាតិ”
ភ្នំពេញៈរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលនូវលិខិតស្នើសុំបង្កើតគណបក្សអនាគតជាតិ ដែលស្នើសុំដោយលោក ឃឹម ឡាគី រួចហើយ។ ប៉ុន្តែក្រសួងមហាផ្ទៃបានស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះ ត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស រួចផ្ញើមកជូនក្រសួងមហាផ្ទៃវិញ។
យោងតាមលិខិតចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបទៅលោក ឃឹម ឡាគី ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត “គណបក្សអនាគតជាតិ” ដូចបាន ចុះក្នុងយោងខាងលើ។ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឱ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។ អាស្រ័យហេតុនេះ សូមលោកតំណាងស្ថាបនិកគណបក្សជ្រាប និងចាត់ចែងអនុវត្តតាមស្មារតីខាងលើតាមការគួរ។
គួររម្លឹកឱ្យដឹងថា លោក ឃីម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីដែលមានឈ្មោះ “គណបក្សអនាគតជាតិ” ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោកឃីម ឡាគី និងលោក ម៉ៅ សុផល។
គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ មានមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៦រូបហើយ ដែលទទួលបាននីតិសម្បទាឡើងវិញ។ ដោយក្នុងចំណោមជាង២០រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី មានដូចជាៈ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សខ្មែរអភិរក្ស។ លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បង្កើតគណបក្សកែទម្រង់កម្ពុជា។ លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បង្កើតគណបក្សកម្ពុជានិយម៕
ដោយៈពលជ័យ