លោក ស៊ី ជិនពីង ជំរុញអោយធ្វើសកម្មភាពកាន់តែខ្លាំងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ

ប៉េកាំង៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានធ្វើការ​អំពាវនាវយ៉ាងទទូចអោយគ្រប់​ភាគី​​ពាក់ព័ន្ធទាំងអស់ ​ចាត់វិធានកា​រ​កាន់តែ​ខ្លាំង​ឡើងបន្ថែមទៀត ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​លោក ស៊ី បានកត់សម្គាល់បែបនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​សម្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក នៅក្នុងសម័យប្រជុំលើកទី ២៦ នៃសន្និសិទស្តីពីអាកាសធាតុសកល COP26 ​របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងក្លាសហ្គូវ ប្រទេសស្កុតលែន ដែលកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃចន្ទ ដល់អង្គារសប្តាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោក ស៊ី បាននិយាយដូច្នេះថា ​ខ្ញុំ​សង្ឃឹមថា ​គ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់​នឹង​ចាត់វិធានការ​កាន់​​តែ​ខ្លាំងក្លា​ឡើង ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អាកាសធាតុ ​ក៏ដូចជា​ការពារ​ភពផែនដី ដែល​ជា​ផ្ទះ​រួមគ្នា​សម្រាប់​យើងទាំងអស់គ្នា​​។ បន្ថែមលើនេះ លោក ស៊ី បាន​លើក​សំណើ​ ៣ចំណុច ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​អាកាសធាតុ ក្នុងនោះរួមមាន៖ ការរក្សា​ការមូល​មតិ​គ្នា​អំពី​ពហុភាគី​និយម ការ​ផ្តោតលើ​សកម្មភាព​ជាក់ស្តែង ​និង​ការ​ពន្លឿន​ការផ្លាស់ប្តូរ​ទៅ​​រក​ថាមពលបៃតង​។​

បើតាមប្រធានាធិបតីចិនរូបនេះ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានផ្តល់នូវមូលដ្ឋានច្បាប់ជាគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីអាកាសធាតុ។ ភាគីទាំងអស់ត្រូវកសាងលើការយល់ស្របដែលមានស្រាប់ បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើការជាមួយគ្នា ដើម្បីផ្តល់ជោគជ័យដល់កិច្ចប្រជុំ COP26 នៅទីក្រុងក្លាសហ្គូវ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner