ការបះបោររបស់បុគ្គលិកនៅសហរដ្ឋអាមេរិកកើនឡើង ដើម្បីតវ៉ាជំទាស់នឹងកាតព្វកិច្ចចាក់វ៉ាក់សាំង Covid-19
វ៉ាស៊ីនតោន៖ នាឡិកាកំពុងរាប់ថយក្រោយខិតទៅជិតកាលបរិច្ឆេតកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលកំណត់ដោយសហព័ន្ធ សម្រាប់ក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយរដ្ឋាភិបាល ខណៈដែលក្រុមកម្មករតូចតាច ប៉ុន្តែមានការខឹងសម្បារ កំពុងរុញច្រានប្រឆាំងនឹងការបទបញ្ជាចាក់វ៉ាក់សាំង ឬ ត្រូវបានបណ្តេញចេញ។
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាអោយក្រុមហ៊ុនណាមួយដែលចង់បន្តទទួលបានកិច្ចសន្យាសហព័ន្ធ ត្រូវតែតម្រូវអោយនិយោជិត (បុគ្គលិក) ជាប់កិច្ចសន្យាទាំងអស់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញនៅត្រឹមថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមបុគ្គលិកទីក្រុងញូវយ៉កប្រហែល៩ពាន់នាក់ត្រូវបានដាក់ឲ្យឈប់សម្រាកពីការងារដោយពុំទទួលបានប្រាក់ឈ្នួល ដោយសារបដិសេធចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប្រសិទ្ធភាពកាលពីថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ ។ នេះបើតាមលោក Bill de Blasio អភិបាលក្រុងញូវយ៉ក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimando បានប្រាប់ទូរទស្សន៍ CBS ក្នុងកម្មវិធី Face the Nation ថា កាតព្វកិច្ចនេះ គឺដើម្បីផលប្រយោជន៍របស់កម្មករទាំងអស់។ លោកស្រីបាននិយាយដូច្នេះថា មនុស្សចង់ធ្វើការនៅកន្លែងធ្វើការដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព។ អ្នកឃើញហើយ អ្នកដឹងទេ… ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលស្ថិតក្នុងចំណោមអ្នកដំបូងគេដែលបានធ្វើកាតព្វកិច្ចនេះ។ អ្វីដែលយើងអាចធ្វើបាន ដើម្បីឱ្យមនុស្សត្រឡប់ទៅធ្វើការវិញបាន គឺត្រូវធ្វើឱ្យប្រាកដថា អ្នករាល់គ្នាត្រូវបានចាក់ថ្នាំបង្ការ៕ ប្រភព៖ Reuters

