អាជ្ញាធរសុខាភិបាលអាមេរិកគាំទ្រអោយចាក់វ៉ាក់សាំង Pfizer-BioNTech ដល់ក្មេងៗអាយុចាប់ពី ៥ ទៅ ១១ឆ្នាំ
វ៉ាស៊ីនតោន៖ នាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអាមេរិក (CDC) បានប្រកាសគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech អោយដល់ក្មេងៗមានអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលប្រកាសនេះ អាចនាំឲ្យយុទ្ធនាការចាក់វ៉ាក់សាំងចាប់ផ្តើមឆាប់បំផុតនៅថ្ងៃ ពុធ សប្តាហ៍នេះ។
នាយក CDC លោក Rochelle Walensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងដឹងថា ឪពុកម្តាយរាប់លាននាក់មានបំណងចង់ឱ្យកូនរបស់ពួកគេចាក់វ៉ាក់សាំង ហើយជាមួយនឹងការសម្រេចចិត្តនេះ ឥឡូវនេះយើងបានផ្តល់អនុសាសន៍ឱ្យកុមារប្រហែល ២៨លាននាក់ទទួលបាននូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
សេចក្តីសម្រេចរបស់ CDC នេះបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមទីប្រឹក្សានៃស្ថាប័នជំនាញសុខាភិបាលរបស់សហរដ្ឋអាមេរិកមួយនេះ បានគាំទ្រការចាក់វ៉ាក់សាំង Pfizer ដល់ក្មេងៗស្ថិតក្នុងក្រុមអាយុខាងលើ បន្ទាប់ពីបានត្រួតពិនិត្យនិន្នន័យឃើញថា គុណសម្បត្តិបានមកពីការចាក់វ៉ាក់សាំងនេះ មានច្រើនលើសលប់លើគុណវិបត្តិ៕ ប្រភព៖ CNA


