លោក ញឹក ប៊ុនឆៃ ប្រកាសប្រាប់សមាជិករបស់ខ្លួនអំពីការផ្អាកបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ:លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសជាផ្លូវការប្រាប់សមាជិក សមាជិករបស់ខ្លួនអំពីការប្រកាសផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីលទ្ធផលបូកសរុបការងារប្រចាំខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ 

ប៉ុន្តែអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ការប្រកាសផ្អាកនៃការរួបរួម ពុំបានប៉ះពាល់ដល់ដំណើរការការងារការចុះមូលដ្ឋាន និងការរៀបចំរចនាសម្ព័ន្ធ បញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ២៥រាជធានីខេត្តឡើយ។ 

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បានប្រជុំកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ សម្រេចផ្អាកការរួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយទុកឲ្យហ៊្វុនស៊ិនប៉ុចដោះស្រាយផ្ទៃក្នុងរបស់ខ្លួនទៅ។ថ្នាក់ដឹកនាំនៅមូលដ្ឋានយកព័ត៌មានផ្អាកការបង្រួបបង្រួមទៅប្រាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋានឱ្យបានដឹងកុំរង់ចាំតទៅទៀត។ អ្នកខំប្រឹងប្រែងជួយរាជានិយមគេលែងជួយហើយ។ លោកបន្តថា គណបក្សហ៊្វុនស៊ិនប៉ិច អូសបន្លាយពេលជិត២ឆ្នាំហេតុនេះ ចាំលែងកើតហើយ។

ចំណែកលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ AMS ថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែរក្សាគោលជំហរដូចសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គឺមានសេចក្តីថា « ការសម្រេចនៃការរួបរួមគ្នា ឬមិនរួបរួមជាមួយគណបក្សណាមួយ» គឺគណបក្សទុកថ្វាយ និងជាព្រះបុព្វសិទ្ធិផ្ទាល់របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ស្របតាមលក្ខន្តិកៈរបស់គណបក្ស។ 

លោកបញ្ជាក់ថា ការប្រកាសផ្អាកនៃការរួបរួមរបស់ឯកឧត្តម ញឹក ប៊ុនឆៃ ពុំបានប៉ះពាល់ដល់ដំណើរការការងារការចុះមូលដ្ឋាន និងការរៀបចំរចនាសម្ព័ន្ធ បញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំង ២៥រាជធានីខេត្តឡើយ ហើយអគ្គលេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់សម្តេចក្រុមព្រះ និងថ្នាក់ដឹកនាំ គណបក្សក៏កំពុងមម៉ាញឹកចុះមូលដ្ឋាន តាមមណ្ឌលរៀងៗខ្លួន ដើម្បីពង្រឹងការងារ ការចងក្រងសមាជិកគាំទ្រផងដែរ៕ 

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner