ឯកអគ្គរដ្ឋទូតឥណ្ឌាកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ: លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam KHOBRAGADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការយ៉ាងលឿន និងទទួលបាននូវជោគជ័យគួរជាទីមោទនៈ។
ការកោតសរសើររបស់ឯកអគ្គរឯកអគ្គរដ្ឋទូតឥណ្ឌាបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនង និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមកផងដែរ។
ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាកម្រិតកងទ័ពជើងគោក និងបានអរគុណចំពោះការអញ្ជើញ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជាទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌានាពេលខាងមុខ ដែលជាផ្នែកមួយនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យមានកម្រិតកើនទ្បើងថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ ដែលសាធារណរដ្ឋឥណ្ឌា បានសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនមួយប៊ីលាននាក់ក្នុងរយៈពេលដ៏ខ្លី។
ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំនួយឧបត្ថម្ភគាំទ្រដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ហើយក៏សូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕
ដោយ:ពលជ័យ



