អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកនិងដាស់តឿនឲ្យប្រធានច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងសមត្ថកិច្ចដែលឈរជើងនៅទីនោះ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីប្រែក្លាយជាព្រំដែនផ្លាស់ប្តូរសេដ្ឋកិច្ចទៅវិញទៅមក រវាងប្រជាជន និង ខេត្តទាំង២

         ថ្លែងនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកទៅដល់អសលោកប្រធានច្រកទ្វារព្រំដែនទាំងអស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលជាប់និងព្រំថែនប្រទេសថៃ និងជាពិសេស គឺអស់លោកកម្លាំងសមត្ថកិច្ចជំនាញទាំងអស់ដែលឈរជើងប្រចាំការតាមទីស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារទាំងអស់ ត្រូវខិតខំបន្ត នូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមករវាងខេត្តទាំង២ និងប្រជាជនយើងទាំង២ដែលរស់នៅប្រកបមុខរបរក្បែរខាងគ្នា ប្រកបដោយសុខសន្តិភាព សុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អ និងមិនត្រូវបង្ក នូវអរិភាពមិនល្អ ជាមួយគ្នានោះ។

        ការថ្លែងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បែបនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នូវក្នុងពិធីប្រកាសផ្ទេរផ្លាស់ និងការចូលកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចំនួន០៥កន្លែង តាមបណ្តាស្រុកចំនួន៤ដែលមាននិងព្រំដែនជាមួយប្រទេសថៃ នៅថ្ងៃទី០៣ខែតុលាឆ្នាំ២០២១នេះ។

        ក្នុងចំណោមស្រុកទាំង៤ និងច្រកទ្វារព្រំដែនខាងលើនេះ រួមមាន៖ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកសំឡូត។ក្នុងនោះមានច្រកទ្វារតំបន់ចំនួន០៣កន្លែង និងច្រកទ្វារអន្តរជាតិចំនួន ០២កន្លែង។ហើយលោក ឃឹម ទិព្វមុនី ដែលពីមុនជាប្រធានទីស្នាក់ការត្រួតពិនិត្យ នៃ ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ស្រុកសំពៅលូន ត្រូវបានផ្ទេរចេញ ឱ្យទៅកាន់ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង នៃ ស្រុកកំរៀង។ និង លោកនាង ច័ន្ទថារ៉ា ផ្ទេរចេញពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល នៃស្រុកភ្នំព្រឹក ផ្ទេរទៅកាន់ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣)នៃស្រុកសំពៅលូន វិញ។និងប្រធានច្រកទ្វារតំបន់ចំនួន០៣កន្លែងផ្សេងទៀត រួមមាន៖ច្រកទ្វារតំបន់អូរអន្លក់(ស៊ួនស៊ុម)ក្នុងស្រុកកំរៀង។ច្រកទ្វារតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក និង ច្រកទ្វារតំបន់៤០០ ក្នុងស្រុកសំឡូត។

       ថ្លែងក្នុងឱកាសនេះផងដែ ឯកឧត្ដម សុខ លូអភិបាលខេត្ដបាត់ដំបង បានធ្វើការក្រើនរំលឹកនិងដាស់តឿន ដោយជំរុញទៅកាន់អស់លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនដែលទើបនឹងឡើងកាន់មុខតំណែងថ្មីៗ កងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមព្រំប្រទល់និងច្រកទ្វារព្រំដែនទាំងអស់ ស្ថិតក្នុងភូមិសាស្ត្រខេត្ត ត្រូវអនុវត្ដតាមវិធានការរបស់រាជរដ្ឋាភិបាល ប្រសិនបើនៅមិនទាន់មានបទបញ្ជាថ្មី គឺត្រូវបន្តអនុវត្ដនូវបទបញ្ជាចាស់ ហើយត្រូវធ្វើយ៉ាងណាត្រូវរក្សាមិត្ដភាពល្អរវាង កម្ពុជា-ថៃ ដែលជាប្រទេសជិតខាងមានភូមិផងរបង ជាមួយគ្នាឱ្យបានល្អប្រសើរគ្រប់វិស័យទាំងអស់ទាំងការរស់នៅ និងការប្រកបមុខរបរ របស់ ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយគ្នាទៅវិញទៅមក។ហើយក្នុងនោះ ក៏ត្រូវមានរបបរាយការណ៍ពីស្ថានភាពទូទៅនិងបញ្ហាប្រឈមនានា ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរដែនដី ដែលនៅទីនោះដែរ។ដោយមិនត្រូវមើលរំលង ដោយមិនឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្តបានដឹង ។ ហើយក៏ត្រូវចៀសវាងឲ្យបានដាច់ខាតកុំនាំគ្នាឃុបឃិតប្រព្រឹត្តក្នុងការកាងបទល្មើស និងគ្រប់ទំនិញដែលជាប់កាតព្វកិច្ចបង់ពន្ធក៏ត្រូវតែបង់ពន្ធឲ្យបានគ្រប់ជូនរដ្ឋ ផងដែរ។

        ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ដបាត់ដំបង ក៏ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធតាមបន្ទាត់ព្រំដែននិងអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកព្រំដែនត្រូវបន្តរឹតបន្តឹង និងទប៉ស្កាត់ឲ្យបាន បញ្ហាប្រជាពលរដ្ឋលួចឆ្លងដែនទៅកាន់ប្រទេសថៃ តាមមេខ្យល់ខុសច្បាប់។ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖កន្លងទៅប្រទេសថៃ គេបានប្រកាស បើកឱ្យភ្ញៀវទេសចរចូលប្រទេសគេ ដោយបានភ្ជាប់នូវលក្ខ័ន្តរបស់គេ តាមរយៈផ្លូវអាកាស។ ឯកឧត្ដម ក៏បានបន្ថែមថា ៖ចំពោះបញ្ហាដែលយើងកំពុងគិតគូពេលនេះគឺ”ច្រកទ្វារព្រំដែន”។ ហើយក្នុងពេលបច្ចុប្បន្ននេះ ទាំងខាងភាគីថៃ និង ខាងយើង គឺ៖ មិនទាន់បានបើកឱ្យមានពលករចេញចូលនៅឡើយ នោះទេ ហើយចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកំពុងគិតគូនិងពិចារណាផងដែរ ជាមួយភាគីនៃប្រទេសជិតខាងយើង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner