បន្ទាប់ពីអនុវត្តទោស:មេក្លោង និងបក្ខពួកដឹកនាំបាតុកម្មទាមទារឱ្យដោះលែង រ៉ុង ឈុន ត្រូវបានដោះលែងហើយ

ភ្នំពេញៈមេក្លោងដឹកនាំធ្វើបាតុម្ម និងបក្ខពួក ក្នុងនោះមានដូចជា ក្រុមអតីតសកម្មជនមាតាធម្មជាតិ និងសមាជិកយុវជនខ្មែរថាវរៈ រួមទាំងអតីតមន្ត្រីបក្សប្រឆាំងសរុបទាំងអស់ចំនួន៦នាក់ ត្រូវបានតុលាការដោះលែងពីពន្ធនាគារវិញហើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានអនុវត្តទោសនៅក្នុងពន្ធនាគាររយៈពេលជាង១ឆ្នាំ។

មនុស្សទាំង៦នាក់ មានដូចជា ១.ឈ្មោះ ថា ឡាវី , ២.ឈ្មោះ អេង ម៉ាឡៃ , ៣.ឈ្មោះ កើត សារ៉ាយ, ៤. ឈ្មោះ មាន ព្រហ្មមុនី, ៥.ឈ្មោះ ជុំ ពុទ្ធី និងទី៦.ឈ្មោះ ឈួ ផេង។ ចំណែកឈ្មោះ ហ៊ុន វណ្ណៈ, ឈ្មោះ ឈឿន ដារ៉ាវី និងឈ្មោះ មួង សុភ័ក្ត្រ នឹងត្រូវបានដោះលែងនៅសប្តាហ៍ក្រោយ។

ការដោះលែងនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា លើសំណុំរឿងក្តីរបស់ជាប់ចោទចំនួន៣នាក់ ដែលជាអតីតសកម្មជនអង្គការមាតាធម្មជាតិ សម្រេចតម្កល់សាលក្រមរបស់សាលារាជធានីភ្នំពេញ រក្សាទុកដដែល តែបានកែប្រែទណ្ឌកម្មរបស់ពួកគេ ពីជាប់គុក ក្នុងម្នាក់ៗ ពី១៨ ទៅ២០ខែ មកនៅត្រឹមតែ១ឆ្នាំ និង២ខែវិញ។ រីឯទោសដែលនៅសល់នឹងត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២១ បានផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារក្នុងម្នាក់ៗពី ១៨ ខែទៅ២០ខែ និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន៤លានរៀល ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្ត នៅចន្លោះឆ្នាំ ២០១៧ និង២០២០។

ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លោក យន់ ណារ៉ុង បានប្រកាសថា ជនជាប់ចោទទាំង៣នាក់រួមមានៈទី១- ឈ្មោះ ថុន រដ្ឋា ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ទី២- ឈ្មោះ ឡុង គន្ធា ភេទស្រី អាយុ ២២ ឆ្នាំ, និង ទី៣ -ឈ្មោះ ភួន កែវរស្មី ភេទ ស្រី អាយុ ២១ ឆ្នាំ។ ក្នុងចំណោម ជនជាប់ចោទទាំង៣នាក់នេះ, ឈ្មោះ ថុន រដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២១ កាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ពេល២០ខែ និងពិន័យជាប្រាក់ ចំនួន៤លានរៀល។ ឈ្មោះ ឡុង គន្ធា និងឈ្មោះ ភួន កែវរស្មី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ កំណត់ ពេល១៨ខែ និងពិន័យ និងជាប្រាក់២លានរៀល ក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា មេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ចំនួនបួននាក់ និងបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ និងនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធការញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីពួកគេបានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ខណៈរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើ។

មេក្លោងទាំង៤នាក់ មានដូចជា ទី១. ឈ្មោះ គង់ សំអាន ចាប់នៅខេត្តត្បូងឃ្មុំ ទី២. ឈ្មោះ មាន ព្រហ្មមុនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ។ ៣. ឈ្មោះ កើត សារ៉ាយ និងទី៤. ឈ្មោះ ថា ឡាវី។ សូមជម្រាបថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបទៅលោកមាន ព្រហ្មមុនី លោកថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ថា ចំពោះការធ្វើបាតុកម្មដោយអហិង្សា ក្នុងគោលបំណងដើម្បីទាមទារតវ៉ារកយុត្តិធម៌សង្គម រយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៨:០០នាទី នៅទីលានប្រជាធិបតេយ្យនោះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ ដោយមូលហេតុថា ១- លោក លោកស្រីមិនអាចកំណត់សមាសភាព និងចំនួនអ្នកចូលរួមបានច្បាស់លាស់ ដែលការធ្វើបាតុកម្មនេះនឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ (មាត្រា១១ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី)។ ២- លោក លោកស្រីបានធ្វើការអំពាវនាវតាមបណ្តាញសង្គមផេកឈ្មោះ ពលរដ្ឋសកម្ម ដែល ខ្លឹមសារមានចរិតបំផុស ញុះញង់ឱ្យប្រឆាំងជាមួយនឹងដំណើរការនីតិវិធីតុលាការ ។ ក្នុងករណីលោក លោកស្រីមិនគោរពតាមស្មារតីកិច្ចប្រជុំ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពី ទី៣១ ខែសីហា ឆ្នាំ២០២០ លោក លោកស្រីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើបាតុកម្ម ក៏ក្រុមនេះនៅតែប្រកាសពីជំហរមិនកែប្រែក្នុងការធ្វើបាតុកម្មតាមការគ្រោងទុកដដែល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner