ធុងសំរាម រួមចំណែកលើកកម្ពស់សោភណ្ឌភាព និងចំណេះដឹងអនាម័យបរិស្ថាន នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានគាំទ្រដល់គម្រោងបំពាក់ធុងសំរាមដល់សាលារៀន ចំនួន ១៥កន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ តាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន សោភណ្ឌភាពស្អាយ និងសុខភាពសិក្សា។
នាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតី អបដោយលោក សន ប៊ុនមាន តំណាងស.ស.យ.ក. រាជធានីភ្នំពេញ តំណាងគណៈអភិបាលខណ្ឌចំការមន-ខណ្ឌបឹងកេងកង តំណាងការិយាល័យអប់រំខណ្ឌ គណៈគ្រប់គ្រងសាលា នាយកសាលា និងយុវជនមួយចំនួន បានប្រគល់ធុងសំរាមដល់សាលារៀននៅក្នុងខណ្ឌចំការមន ចំនួន ១០ទីតាំង និងខណ្ឌបឹងកេងកង ចំនួន ៥ទីតាំង។
លោក ខ្វៃ អាទិត្យា បានលើកឡើងថា ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ គឺផ្តេីមចេញពីភាពម្ចាស់ការរបស់យេីងម្នាក់ៗ ហើយប្អូនៗសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ដែលចាំបាច់ត្រូវការបណ្តុះផ្នត់គំនិតក្នុងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ការយល់ដឹងពីអនាម័យបរិស្ថាន និងការចូលរួម លើកកម្ពស់សោភណ្ឌភាពស្អាតតាមសាលារៀនផងដែរ។ លោកខ្វៃ អាទិត្យា បញ្ជាក់ផងដែរថា ការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតនេះ គឺចង់បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវកេរ្តិ៍ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ជាពិសេសដាស់ស្មារតីប្អូនៗ សិស្សានុសិស្សឱ្យចូលរួមថែរក្សាភាពស្អាត អនាម័យបរិស្ថានស្អាត សោភណ្ឌភាពល្អ គឺចាប់ផ្តើមពីយើងទាំងអស់គ្នា៕ ដោយ / គ្រី សម្បត្តិ
















