សហរដ្ឋអាមេរិកបើកព្រំដែនឡើងវិញក្រោយបិទអស់រយៈពេល២០ខែ

កាល​ពី​ថ្ងៃ​ចន្ទ ទី​៨ វិច្ឆិកា​សហរដ្ឋអាមេរិក​បាន​បើក​ព្រំដែន​ផ្លូវ​គោក និង​ផ្លូវ​អាកាស​ដល់​ជន​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ដែល​ជា​ការ​បញ្ចប់​ការ​ដាក់​កំហិត​រយៈ​ពេល​២០​ ខែ​លើ​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដែល​បាន​បំបែក​បំបាក់​ក្រុម​គ្រួសារ រំខាន​ដល់​វិស័យ​ទេសចរណ៍ និង​បង្ក​ភាព​តាន​តឹង​ក្នុង​ទំនាក់​ទំនង​ការ​ទូត​។

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពន្យឺត​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ព្រំដែន​សហរដ្ឋអាមេរិក​ត្រូវ​បាន​បិទ​បន្ទាប់​ពី​ខែ​មីនា​ឆ្នាំ ២០២០ សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក រួមទាំង​សហភាព​អឺរ៉ុប ចក្រភពអង់គ្លេស ចិន ឥណ្ឌា និង​ប្រេស៊ីល​។ អ្នក​ធ្វើ​ដំណើរ​តាម​ព្រំដែន​គោក​មក​ពី​ម៉ិកស៊ិក និង​កាណាដា​ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​។

ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ ដែល​ដាក់​ដោយ​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ ហើយ​បន្ត​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ចូ បៃដិន​ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ទូលំទូលាយ និង​ក្លាយ​ជា​និមិត្តរូប​នៃ​ភាព​ចលាចល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​។ ការ​ហាម​ឃាត់​នេះ​គឺ​មិន​ពេញ​និយម​ជា​ពិសេស​នៅ​អឺរ៉ុប កាណាដា និង​ម៉ិកស៊ិក​។

ខណៈ​ពេល​ដែល​ពលរដ្ឋ​អាមេរិក​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ ជន​បរទេស​កាន់​ទិដ្ឋាការ​អាមេរិក​នៅ​មិន​មាន​ការ​ធានា​ថា​អាច​ចូល​ក្នុង​ទឹក​ដី​អាមេរិក​បាន​ ឬ​ទេ​។

នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ម៉ិកស៊ិក ទីក្រុង​ជា​ច្រើន​ក្នុង​រដ្ឋ​តិចសាស់ និង​កាលីហ្វ័រញ៉ា​របស់​សហរដ្ឋអាមេរិក​បាន​ប្រឈម​មុខ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ខណៈ​វិធានការ​ប្រឆាំង​កូវីដ-១៩ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​។

យ៉ាង​ណា​មិញ​ការ​លុបចោល​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នឹង​ចូល​ជា​ធរមាន​សម្រាប់​ប្រទេស​ចំនួន ៣០​។ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ទាំង​នេះ​ចូល​ដែនដី​អាមេរិក​នឹង​មិន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​គ្រប់គ្រង​ទេ​។ អាជ្ញាធរ​អាមេរិក​គ្រោង​នឹង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​ចាក់​វ៉ាក់សាំង​របស់​អ្នក​ធ្វើ​ដំណើរ ហើយ​នៅ​តែ​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner