លោកជំទាវ ម៉ារីស ផេន៖អូស្ត្រាលីនឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន
ភ្នំពេញៈរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី លោកជំទាវ ម៉ារីស ផេន បានបញ្ជាក់ថា អូស្ត្រាលីនឹងជួយកម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យ។ លោកជំទាវក៏បានសម្តែងនូវការសាទរជូនចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយបានសម្ដែងការរីករាយពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី។
ការបញ្ជាក់របស់លោកជំទាវ ម៉ារីស ផេន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ក៏បានគោរពរាយការណ៍ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន យ៉ាងសង្ខេបអំពីមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
លោកជំទាវបានសម្ដែងការរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី។ លោកជំទាវបានសម្តែងនូវការរីករាយចំពោះផ្លែផ្កាដែលទទួលបានជាលទ្ធផលពីកិច្ចសហប្រតិបត្តិការការលើវិស័យកសិកម្ម យោធា អប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានសង្កេតឃើញប្រទេសកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការវាយតម្លៃរបស់លោកជំទាវ ម៉ារីស ផេន ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អូស្ត្រាលីបានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្មតាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវបង្កាត់ពូជស្រូវ (ហៅកាឌី) និងលើវិស័យយោធា វិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា នឹងការបើកឱ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលីលើវិស័យសុខាភិបាលតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណអូស្ត្រាលីចំពោះការផ្ដល់វ៉ាក់សាំងដល់កម្ពុជានៅពេលខាងមុខ ហើយបានមានប្រសាសន៍ថា សម្ដេចមានសុទិដ្ឋិនិយមក្នុងការបើកប្រទេសឱ្យប្រជាពលរដ្ឋបានរស់នៅតាមបែបគន្លងថ្មី។ ក្នុងក្របខ័ណ្ឌអាស៊ាន សម្ដេចនាយករដ្ឋមន្ត្រីសង្ឃឹមថា អូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញបន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ-១៩។ ជាទីបញ្ចប់ សម្ដេចបានអរគុណដល់លោកជំទាវ ផេន ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕
ដោយៈពលជ័យ



