ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ គំនិតដែលថា គោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរប្រព័ន្ធដឹកនាំចិន គឺជាកំហុសឆ្គងមួយ

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងថា គំនិតដែលថា គោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរជាមូលដ្ឋាននៃប្រព័ន្ធដឹកនាំចិននោះ គឺជាកំហុសឆ្គងមួយ។

លោក Sullivan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា លោកគិតថា កំហុសមួយនៃវិធីសាស្រ្តពីមុនរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន គឺជាទស្សនៈមួយដែលថា សហរដ្ឋអាមេរិកនឹងនាំមកនូវការផ្លាស់ប្តូរជាមូលដ្ឋាននៃប្រព័ន្ធដឹកនាំចិន តាមរយៈគោលនយោបាយរបស់ខ្លួន។ លោក Sullivan បន្តថា កម្មវត្ថុនៃរដ្ឋបាលលោក បៃដិន គឺដើម្បីរៀបចំបរិយាកាសអន្តរជាតិ ឱ្យវាកាន់តែមានអំណោយផលដល់ផលប្រយោជន៍ និងតម្លៃរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួន ក៏ដូចជាចំពោះលទ្ធិប្រជាធិបតេយ្យដែលមានគំនិតដូចគ្នា។ លោក Sullivan បន្ថែមថា សហរដ្ឋអាមេរិកជឿថា ស្ថានភាពនៅតៃវ៉ាន់បានបម្រើផលប្រយោជន៍របស់ប្រទេសចិន តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏ដូចជាផលប្រយោជន៍នៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោកបន្តថា រដ្ឋបាលលោក បៃដិន ប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ន ហើយមានការព្រួយបារម្ភអំពីសកម្មភាពរបស់ចិន ដែលបានធ្វើអោយរង្គោះរង្គើដល់កម្រិតជាក់លាក់មួយចំពោះសន្តិសុខ និងស្ថិរភាពនៃទំនាក់ទំនងឆ្លងច្រកសមុទ្រ។

លោក Sullivan បានកត់សម្គាល់បែបនេះ ដោយយោងជាក់ស្តែងចំពោះការហោះហើរជាច្រើន ដោយយន្តហោះយោធាចិននៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការ​អត្ថាធិប្បាយ​នេះទៀតសោត ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បង្ហាញជា​ថ្មី​ថា អាមេរិក​បានត្រៀម​ខ្លួន​ជួយ​ការពារកោះតៃវ៉ាន់៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner