សមត្ថកិច្ច បំបែកសំណុំរឿងក្រុមចោរប្លន់ប្រុសស្រី ០៦នាក់មានទាំងសិស្ស និងគ្រូបង្រៀនជិះម៉ូតូធាក់ផ្តួលម៉ូតូ និងដេញកាប់ជនរងគ្រោះ ០៣ករណី នៅខណ្ឌដង្កោ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវស៊ើបអង្កេតចំណាយពេល០៧ថ្ងៃចេញសហការជាមួយកម្លាំងនគរបាលស្រុកស្វាយអន្ទរខេត្តព្រៃវែងនិងឈានទៅដល់បំបែកសំណុំរឿងមុខសញ្ញាជនសង្ស័យចោរប្លន់០៦នាក់ក្នុងនោះមានទាំងជនសង្ស័យជាសិស្សនិងគ្រូបង្រៀនដែលធ្វើសកម្មភាពជិះម៉ូតូធាក់ផ្តួលម៉ូតូជនរងគ្រោះ០៣ករណីប្លន់យកម៉ូតូបានសម្រេចនឹងបានយកកាំបិត ដាវកែច្នៃកាប់ជនរងគ្រោះ០១នាក់បណ្តាលឱ្យរងរបួសធ្ងន់់ខណៈដែលជនរងគ្រោះជិះម៉ូតូនៅលើផ្លូវសាធារណៈនៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការបង្រ្កាបចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូ០៦នាក់ជាបន្តបន្ទាប់ពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើឡើងរយៈពេល០៣ថ្ងៃនៅខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ,០៦និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាទៅលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌឧត្តមសេនីយ៍ទោ សុង លី ត្រូវដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវស៊ើបអង្កេតនិងបង្រ្កាបមុខសញ្ញាខាងលើនេះឱ្យបាន ដើម្បីធានាសន្តិសុខសុវត្ថិភាពនិង នាំមកនូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ជាលទ្ធផលលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញស្រាវជ្រាវឈានទៅដល់កំណត់បានមុខសញ្ញានិងបង្រ្កាបជនសង្ស័យ០៦នាក់ដែលបានរត់គេចខ្លួនទៅដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាកព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថាៈករណីអំពើហិង្សា ធាក់ផ្តួលម៉ូតូ រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូជនរងគ្រោះ ចំនួន ០៣ ករណីផ្សេងគ្នានៅខណ្ឌដង្កោ ក្នុងនោះករណីទី១,កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០ នាទីទាបភ្លឺ ជនរងគ្រោះឈ្មោះ ផល ចាន់ដា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ កម្មកររោងចក្របានជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ១GW ៩៥២៧ មកដល់ចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន ០៥ នាក់ជិះម៉ូតូចំនួន ០២ គ្រឿង ប្រដាប់ដោយកាំបិត និងដាវកែច្នៃចំនួន ០២ ដើម ពួក គេជិះម៉ូតូចេញពីបុរីពិភពថ្មីចំការដូងក្នុង គោលបំណងចេញធ្វើសកម្មភាព ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។

នៅពេលក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯង ភា្លមនោះក្រុមជនសង្ស័យ បានបើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយក្នុងចំណោមបក្ខពួកគេមានម្នាក់ បានដកកាំបិតកែច្នៃពីចង្កេះមកកាន់នឹងដៃនិងបក្ខពួកម្នាក់ទៀត បានយកជើងធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ បន្ទាប់មកពួកគេចុះ ពីលើម៉ូតូដេញកាប់ជនរងគ្រោះប៉ុន្តែនៅពេលនោះជនរងគ្រោះបានរត់គេចខ្លួនចោលម៉ូតូហើយពួកគេក៏យកម៉ូតូជនរងគ្រោះនាំគ្នាគេចខ្លួនបាត់អស់។

ករណីទី២, លុះបន្ទាប់ពីប្លន់បានសម្រេចម៉ូតូជនរងគ្រោះខាងលើរួចហើយក្រុមចោរប្លន់ដដែលនៅវេលាម៉ោង ០៥ ទាបភ្លឺនៅថ្ងៃដដែល បានបន្តធ្វើសកម្មភាពនាំគ្នាជិះម៉ូតូដល់ចំណុចភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះម្នាក់ទៀត កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ១IY ៦៦៣៤ ភ្លាមនោះក្នុងចំណោមបក្ខពួកជនសង្ស័យមាន០១នាក់ បានបើកម៉ូតូចូលទៅជិតជនរងគ្រោះឈ្មោះ ពៅ សោភ័ណ្ឌ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៧៣ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ហើយគ្នាគេម្នាក់ទៀត បានយកជើងធាក់ម៉ូតូជនរងគ្រោះបណ្តាលដួលម៉ូតូខណៈនោះមានពួកគេម្នាក់ទៀត កាន់ដាវកែច្នៃចុះមកដេញកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ហើយពួកគេក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់អស់។ដោយឡែកជនរងគ្រោះបន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងទៀតថាៈករណីទី៣, នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤ និង ៣០ នាទីទាបភ្លឺ គឺមុខសញ្ញាក្រុមជនសង្ស័ដដែលមានគ្នា០៥នាក់ជិះម៉ូតូ០២គ្រឿងបានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ ពីជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណកំពុងជិះម៉ូតូម្នាក់ឯងនៅចំណុចខាងលិចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចរួចគេចខ្លួនបាត់អស់ ។ប៉ុន្តែករណីប្លន់នេះក៏មិនបង្កឱ្យរងរបួសជនរងគ្រោះនោះទេ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឱ្យដឹងទៀតថា ជនសង្ស័យទាំង០៦នាក់ដែលរងការចាប់ខ្លួនមាន១-ឈ្មោះ ឌឹម ប៉េងអ៊ី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស-ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។២-ឈ្មោះ អាន សត្យា ហៅ យ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ -ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។៣-ឈ្មោះ សេង បូរី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៤-ឈ្មោះ គឹម សុខសានបញ្ញា ហៅ សាន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥-ឈ្មោះ ឡាយ ស្រីមាន ហៅ ទី ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និង ៦-ឈ្មោះ ហ៊ួន ស៊ិញ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន -ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ វត្ថុតាងចាប់យក,ដាវកែច្នៃប្រវែង ៦០សង់ទីម៉ែត្រ០១ដើម, ម៉ូតូជនសង្ស័យ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ,ស្លាកលេខម៉ូតូចំនួន ០៦ បន្ទះនិងម៉ូតូជនរងគ្រោះចំនួន០៣គ្រឿងផងដែរ។ជនសង្ស័យនិងវត្ថុតាងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner