មុខសញ្ញាប៉ុនប៉ងលួចម៉ូតូម្នាក់នៅច្បារអំពៅ ត្រូវនគរបាលចាប់វាយខ្នោះ
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យម្នាក់នៅគ្រាដែលបំរ៉ុងធ្វើសកម្មភាពលួចម៉ូតូនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីវេលាម៉ោង០២ និង០៣នាទី រំលងអាធ្រាត ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ។
ជនសង្ស័យឃាត់ខ្លួនមានឈ្មោះលី ងា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកបក្ខពួកវាម្នាក់ទៀតរត់គេចខ្លួនបាត់ ។
តាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្ត៍និរោធធ្វើការល្បាតក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ ឈ្មោះលីងា និងឈ្មោះប្រុស ជិះម៉ូតូម៉ាកMSX ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1W 3491 ក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែជនសង្សយ័ឈ្មោះប្រុសរត់គេចខ្លួនបាត់ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ឈ្មោះលី ងា ឆែកឆេររកឃើញដែកចុងស្រួចកែឆ្នៃសំរាប់កាច់កម៉ូតូចំនួន០២ និងកូនសោលេខ ៨ចំនួន០១ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះលី ងា រួមនិងវត្ថុតាង បញ្ជូនមកអធិការ ដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕