សមត្ថកិច្ចខេត្តកែប បាននាំខ្លួនម្ចាស់ការរដ្ឋានសំណង់ អគារដែលបាក់រលំ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកែប
កែប៖ បន្ទាប់ពីមានហេតុការណ៍បាក់រលំអគារ៦ជាន់ នៅខេត្តកែប រហូតដល់ពេលនេះ ម្ចាស់ការរដ្ឋានសំណង់អគារដែលបាក់រលំនៅខេត្តកែប កំពុងស្ថិតនៅក្រោមការសាកសួររបស់មន្ត្រីមានសមត្ថកិច្ច ក្រោមការដឹកនាំដោយ តំណាងអយ្យការ នៅស្នងការដ្ឋាននគរបាលខេត្តកែប។
ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណម្ចាស់ការដ្ឋានសំណង់នេះនៅឡើយទេ។
អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០-៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា អាចត្រូវបានជាប់គាំងក្នុងគំនរអគារនេះ។
អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
គិតត្រឹមម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ២០នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕