លោក Bruno Bodard ថាព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក គឺជាកូនសោរជំរុញការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា
លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក បានចាត់ទុកព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានរួមចំណែកយ៉ាងច្រើនជួយដល់ប្រទេសកម្ពុជា ពិសេសប្រៀបដូចជាកូនសោរជំរុញការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែរីកចម្រើន និងល្បីល្បាញថែមទៀត ។
ការថ្លែងបែបនេះ បានធ្វើឡើងស្របពេលលោកបានចូលជួបសម្ដែងគួរសមជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅរមណីយដ្ឋានតារាសាគរ នាល្ងាចថ្ងៃសុក្រនេះ មុនពិធីបើកព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលនឹងចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្អែក ។
ឆ្លៀតឱកាសនោះ លោក Bruno Bodard បានធ្វើការវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានចូលរួមសហការយ៉ាងពេញទំហឹង ជាមួយក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក និងសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យបានរលូន ។ លើសពីនេះ លោកបានប្ដេជ្ញានឹងជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាជារៀងរាល់ឆ្នាំ ។
ទន្ទឹមជាមួយគ្នា ឯកឧត្តម ជា សុផារ៉ា ក៏បានថ្លែងអំណរគុណ ចំពោះក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក និងសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ សម្រាប់ការជឿទុកចិត្តលើការអភិវឌ្ឍន៍ និងសន្ដិភាពនៅកម្ពុជា ក្នុងការជ្រើសរើសតំបន់ឆ្នេរកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ។ បន្ថែមលើនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបានត្រៀមខ្លួនជាស្រេច ក្នុងការបន្ដកិច្ចសហការជាមួយស្ថាប័នអន្ដរជាតិទាំងពីរ ដើម្បីបន្ដរៀបចំព្រឹត្តិការណ៍នេះនាឆ្នាំក្រោយៗ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និងចូលរួមលើកស្ទួយវិស័យកីឡាជិះកង់ ក្នុងទិសដៅឆ្ពោះទៅរកការប្រកួតកីឡស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕