ប្រគល់បណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ សម្រាប់ចែកជូនសមាជិកប្រើប្រាស់ទៅតាមតម្រូវការចាំបាច់
ភ្នំពេញ ៖ បណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រសួងការពារជាតិ ចំនួន៩៨៨ ប័ណ្ណត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីក្រុមការងារសមាគម យកទៅចែកជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅតាមបណ្តាខណ្ឌទាំង១៤ សម្រាប់ទុកប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ខណៈដែលគេមើលឃើញថាប័ណ្ណចាក់វ៉ាក់បង្ការកូវីដ១៩គឺមានសារៈសំខាន់ណាស់នៅពេលបច្ចុប្បន្ននេះដែលមានតម្លៃសម្រាប់ការធ្វើដំណើរចេញចូលទៅតាមកន្លែងនានាក្នុងប្រទេសដែលម្រូវឱ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩និងប្រើប្រាស់សម្រាប់ការធ្វើដំណើរចេញទៅក្រៅប្រទេសផងដែរ។ ពិធីប្រគល់និងទទួលប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីលោកលោកស្រីក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងនិងសំដែងនូវការដឹងគុណដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតគិតគូរពីសុខភាព សុវត្ថិភាព អាយុជីវិតដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេសនិយាយដោយឡែកនៅក្នុងរាជធានីភ្នំពេញ ដែលបានឱ្យក្រុមគ្រូពេទ្យក្រសួងការពារជាតិចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មុនគេចាប់ទាំងពីដូសទី១រហូតដល់ដូសជំរុញជូនដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងតំណាក់កាលប្រទេសកម្ពុជាកំពុងផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថាក្នុងនាមជំនួសមុខបងប្អូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញគឺមានទឹកចិត្តរីករាយដែលក្រសួងការពារជាតិបាននាំយកប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់បងប្អូនសមាជិកអតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារ ដែលបានទទួលការចាក់វ៉ាក់សាំងរួចហើយនោះ ពីព្រោះប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយកទៅប្រើប្រាស់បំរើកិច្ចការងារប្រចាំថ្ងៃនៃការធ្វើដំណើរចេញចូលកន្លែងទីផ្សារ រឺទីតាំងផ្សេងទៀត ដែលមានការទាមទារតម្រូវឱ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ១៩នោះ។ ជាងនេះថែមទៀតសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ គឺនៅក្នុងតំណាក់កាលដែលមុនផ្ទុះជំងឺកូវីដ១៩ ក៏ដូចជាតំណាក់កាលផ្ទុះរាលដាលជំងឺកូវីដ១៩ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សមាគមអតីតយុទ្ធជនកម្ពុជា តែងបានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយជាស្បៀងអាហារជូនដល់បងប្អូនអតីតយុទ្ធជនជាបន្តបន្ទាប់ដើម្បីជួយលើកស្ទួយជីវភាពប្រចាំថ្ងៃនិងការកាត់បន្ថយបញ្ហាលំបាករបស់បងប្អូននអតីតយុទ្ធជនដែលរងផលប៉ះពាល់ជីវភាព មុខរបរ នៅក្នុងតំណាក់កាលដែលរាជធានីភ្នំពេញផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ក៏បានលើកឡើងនិងវាយតម្លៃខ្ពស់នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ អនុវត្តភារកិច្ចបានល្អក្នុងការបំរើនិងសង្រ្គោះដល់បងប្អូនអតីតយុទ្ធជននៅគ្រប់គ្រាលំបាក នេះជាមោទនភាពបំផុតសម្រាប់ការដឹកនាំដែលមានការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមនាយឧត្តមសេនីយ៍រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ក៏បានលើកឡើងទៀតថា កម្ពុជាយើងនៅក្នុងតំណក់កាលនៃការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងមានការទទួលខុសត្រូវខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមមន្រ្តី ហ៊ុន សែន ជុំវិញនៃការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះគឺបានដាក់ចេញនូវវិធាននានាដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាពិសេសបានជំរុញល្បឿននៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទៅតាមផែនការកំណត់ ហើយរហូតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង១០លាននាក់នោះហើយ គឺមានចំនួនប្រជាជនទទួលបានការចាក់វ៉ាក់សាំងមានចំនួនភាគរយខ្ពស់ឈានមុខគេបើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់និងក្រៅតំបន់។ជាងនេះថែមទៀតគឺកម្ពុជាបានគ្រប់គ្រងនិងកាត់បន្ថយការឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះបានច្រើន ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យឡើងវិញនៅពេលថ្មីៗនេះ។
សូមបញ្ជាក់ថា សមាជិកអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កន្លងមកបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ចាប់ពីដូសទី១រហូតដល់ដូសទី៣ ជាដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្តនៅមន្ទីរពេទ្យយោធាព្រះកេតុមាលា ក្បែរវត្តភ្នំ ដែលមានចំនួន២៧៧៧នាក់ និងសមាជិកដែលបានទៅចូលរួមចាក់នៅតាមមូលដ្ឋានដោយខ្លួនឯង៣៨៩០នាក់ ៕ ដោយ / គ្រី សម្បត្តិ









