កិច្ចប្រជុំ ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានធ្វើកិច្ចប្រជុំមួយ ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព ខេត្តសៀមរាប រវាងរដ្ឋបាលខេត្ត និងវិនិយោគិនជាតិ អន្តរជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមទៀ សីហា គណៈអភិបាលខេត្ត ។
តាមបទបង្ហាញរបស់លោកប្រធានមន្ទីរទេសចណ៍ខេត្តសៀមរាប បានបញ្ជាក់ពីស្ថានភាពភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក  មានចំនួន  ៤លាន២៦២ពាន់៣០៦នាក់ , ភ្ញៀវទេសចរណ៍ជាតិ មាន ចំនួន ២លាន៥៦ពាន់៦០៩នាក់ , ភ្ញៀវទេសចរណ៍អន្តរជាតិ ២លាន២០៥ពាន់៦៧៩នាក់ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ថយចុះ២០% ។ ក្នុងនោះដែរលោក ជឿន វិចិត្រ នាយកប្រតិបត្តិផ្សារ និងសួនកម្សាន្ត Box Ville បានធ្វើការបង្ហាញពីផ្សារ និងសួនកម្សាន្ត ដែលមានទីតាំងកន្ត្រកវិល កម្ពស់៨៥ម៉ែត្រ ដែលជាកន្ត្រកទី៤នៅក្នុងតំបន់អាស៊ី ដែលនឹងចាប់បើក ដំណើរការនៅខែ មីនា ឆ្នាំ២០២០នេះ ព្រមទាំងផ្សារទំនើបទៀតផង ។
ក្នុងកិច្ចពិភាក្សានោះបងប្អូនវិនិយោគិន ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការ ធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ព្រមទាំងការឈប់ធ្វើអាជីវកម្មរបស់សណ្ឋាគារមួយចំនួន និងដើមី្បធ្វើ ឲ្យទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប  ដោយបានផ្តោតទៅលើបញ្ហាទេសចរណ៍វប្បធម៌ , បរិស្ថាន ផ្លូវថ្នល់ អនាម័យ ឲ្យប្រកបដោយនិរន្តរភាព និង បញ្ឈប់នូវភាពប្រងើយកន្តើយរបស់មន្ត្រីបដិសណ្ឋាកិច្ចចំពោះភ្ញៀវទេសចរណ៍នៅគ្រប់ច្រកទ្វារចេញ ចូល ។
ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ផងដែរថា រាល់ចំណុច មួយចំនួនដែលបងប្អូនបានលើកមកនេះ គឺត្រូវបានគេធ្វើការវាយប្រហារដល់អាជ្ញាធរខេត្តនាពេលកន្លងមក តាមប្រព័ន្ធព័ត៌មានសង្គម តែមួយចំនួនអាជ្ញាធរខេត្ត ក៏បានកំពុងធ្វើការអនុវត្តទៅតាមគម្រោងប្រចាំឆ្នាំរបស់ខេត្តផងដែរ។ ឯកឧត្តមក៏បានបន្តទៀតថា គឺមានអាជ្ញាធរបីធ្វើការគ្រប់គ្រង គឺតំបន់ដែលមានប្រាង្គប្រាសាទ និង បុរាណដ្ឋានគឺគ្រប់ គ្រងដោយអាជ្ញាធរជាតិអប្សរា ទាំងផ្លូវ និង លំនៅដ្ឋាន , ចំពោះតំបន់បឹងទន្លេសាប គ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេ សាប , ផ្ទៃដីនៅសល់គឺគ្រប់គ្រងដោយអាជ្ញាធរខេត្ត គឺខុសពីបណ្តាខេត្តផ្សេងៗ ។  ឯកឧត្តម ទៀ សីហា ក៏បានធ្វើការ បញ្ជាប់ទៀតថា ការជួបជុំរវាងរដ្ឋបាលខេត្ត និង វិនិយោគិនជាតិ អន្តរជាតិនាពេលនេះ គឺដើមី្បស្វែងរកនូវដំណោះស្រាយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព ដោយ មិនចាំតែមើលបណ្តាំគ្នា  ។  ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ពីផែនការមេ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និង ជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP)របស់អាជ្ញាធរជាតិអប្សរាផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner