សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពីច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ្សឺហូ រៀបចំធ្វើការផ្សព្វផ្សាយ ជូនវិនិយោគិន និងធុរជនជប៉ុន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា, ឯកឧត្តម អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន,លោកស្រី ម៉ារីសា ហារ៉ូតា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន តំណាងធនាគារមីហ្សឺហូ ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុន នៅក្នុង និងក្រៅប្រទេសជប៉ុន រួមទាំងក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាស្រាប់ ប្រមាណជិត ៤០០ក្រុមហ៊ុន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អ៊ុង វចនា មានប្រសាសន៏ថា៖ច្បាប់ស្ដីពីវិនិយោគថ្មីនេះ ដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៏រឹងមាំ សម្រាប់វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្របពេលដែលកម្ពុជា កំពុងស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការកត្បាតនៃជំងឺកូវីដ ១៩។ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជណាចក្រកម្ពុជា ទៅកាន់សហគមន៍ធូរកិច្ច ជាការបន្ស៊ីគ្នា ទៅនឹងការអនុវត្តយុទ្ធសាស្ត្រ ការទូតសេដ្ឋកិច្ចកម្ពុជា ២០២១-២០២៣។ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការប្រកាសឱ្យប្រើនូវច្បាប់នេះ នឹងជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ព្រមទាំងធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់ សម្រាប់ការវិនិយោគប្រកបដោយគុណភាព និងចីរភាព។ ឯកឧត្តមបានបញ្ជាក់នូវការចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ ពីជប៉ុនមក កម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។

ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាប្រចាំ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ្សឺហូ ដែលជានិច្ចកាល ដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយ ពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនជប៉ុន។ បន្ថែមលើនេះ ឯកឧត្តមក៍បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគ របស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេស ការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ (IDP) ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ឱ្យបានត្រឹមឆ្នាំ២០២៥។ ម៉្យាងវិញទៀត ការតាក់តែងច្បាប់វិនិយោគថ្មីនេះ គឺស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយ IDP និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើក រួមទាំងកិច្ចពិគ្រោះយោបល់ ជាមួយផ្នែកឯកជន។

ច្បាប់វិនិយោគថ្មីនេះ ត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានជាក់ស្ដែង នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតម្រូវការជាក់ស្តែង របស់វិនិយោគិន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤ បរិវត្តកម្មទីជីថល និងការអាករអួល នៃខ្សែប្រវាក់តម្លៃសាកល ដែលបណ្ដាលមកពីការរាតត្បាតន ជំងឺទ្វ១៩ ។ ក្នុងន័យនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលា៣ថ្ងៃនេះ សហគមន៍ធុរកិច្ចជប៉ុន និងវិនិគិនជប៉ុននៅកម្ពុជា បានយល់កាន់តែច្បាស និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងជួយផ្សព្វផ្សាយដល់ វិនិយោគិនជប៉ុនពីក្រៅប្រទេស មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ របស់ជប៉ុន ចំនួន ១៤៦តម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២ពាន់ ៨៥៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគ ចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕ ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner