លោក ចូ បៃដិន និងលោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម សិទ្ធិមនុស្ស និងសកម្មភាពយោធា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នាក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូនៅក្នុងថ្ងៃ ចន្ទ ដើមសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលប្រទេសទាំងពីរកំពុងជួបភាពតានតឹងផ្នែកពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្ស និងសកម្មភាពយោធាផងដែរ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានកំពុងជជែកវែកញែកលើបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាប្រភពដើមនៃជំងឺកូវីដ១៩ រហូតដល់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ដោយក្រុមមន្រ្តីអាមេរិករំពឹងខ្ពស់ថា កិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ប្រែក្លាយជាទៅជាជម្លោះ។ ដោយឡែកមន្ត្រីចិនម្នាក់ក៏បាននិយាយដែរថា ទីក្រុងប៉េកាំងក៏មានបំណងចង់ជៀសវាងការប្រឈមមុខដាក់គ្នា និងផ្តោតលើការប្រកួតប្រជែងជាវិជ្ជមាន ស្របពេលកំពុងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាដូចជាវិបត្តិអាកាសធាតុ និងការបញ្ចប់ការរាតត្បាតនៃមេរោគឆ្លង។
ស្របពេលជាមួយគ្នានោះដែរ លោក ស៊ី ក៏ទំនងជានឹងធ្វើការអញ្ជើញលោក បៃដិន ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ២០២២ ក្នុងរដ្ឋធានីប៉េកាំង ផងដែរ នេះបើតាមសារព័ត៌មាន CNBC ដកស្រង់ប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ៕ ប្រភព៖ Reuters
