រដ្ឋមន្រ្តីក្រសួងវប្បធម៌រំលេចពីការខិតខំនិងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សនិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជាតិដែលទទួលស្គាល់ដោយអង្គការយូណេស្កូ

ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជា ក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកល នៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

         ការថ្លែងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងអង្គមហាសន្និបាតលើកទី៤១ និងជាខួប៧៥ឆ្នាំនៃអង្គការយូណេស្កូននេះទីក្រុងប៉ារីប្រទេសបារាំងកាលពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១កន្លងមក។

         គួរបញ្ជាក់ថាក្នុងពិធីនេះ លោកជំទាវរដ្ឋមន្រ្តីបានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយបានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់វប្បធម៌ អប់រំ និងការផ្សព្វផ្សាយ ក្នុងនោះមានដូចជា។

         លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងដោយបញ្ជាក់ថាកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ខ្ពស់ជាងគេ។ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានពន្លឿនការអនុវត្តកាលវិភាគអប់រំឆ្នាំ២០៣០ ដែលផ្តោតទៅលើសរសគ្រឹះចំនួន៣ គឺ អភិវឌ្ឍគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការអប់រំក្រៅប្រព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីអក្ខរកម្មសម្រាប់កម្មកររោងចក្រ ជាមួយនឹងអត្រាភាពជោគជ័យរហូតដល់៧២ភាគរយ ក្នុងចំណោមកម្មករចុះឈ្មោះចូលរៀន។

ជាមួយគ្នាលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទុកវិស័យវប្បធម៌ជាតិ ជាវិស័យអាទិភាព ជាពិសេសកិច្ចការពារឱ្យបាននូវរមណីយដ្ឋាន បេតិកភណ្ឌពិភពលោករបស់កម្ពុជានានា ស្តែងឡើង តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមការប្រើប្រាស់ធនធានមនុស្ស ដែលខ្លួនមាន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានទាំងផ្នែករូបី និងអរូបី ក្នុងអំឡុងការរាតត្បាតជំងឺឆ្លងកូវីដ១៩ នាពេលកន្លងមកនេះ។

លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ គណៈកម្មាធិការអន្តរជាតិសម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តនានារបស់កម្ពុជា ដូចជា ICC-អង្គរ សំបូរព្រៃគុក និង ICC-ព្រះវិហារ ចំពោះកិច្ចគាំពារនានា។

     លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដែរថាដោយឡែកវិស័យសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាពិសេសដោយផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការចងក្រងឯកសារបេតិកភណ្ឌផងដែរ។ តាមរយៈនេះ គម្រោងចងក្រងប័ណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានបញ្ចប់ហើយសាធារណៈជនអាចចូលមើលបានគ្រប់ពេល។

សូមបញ្ជាក់ថា សារមន្ទីរប្រល័យពូជសាសន៍នេះ បានទទួលរង្វាន់នៃការចងចាំពិភពលោកឆ្នាំ២០២០ (Prix UNESCO/Jikji) ក្នុងនាមជាមជ្ឈមណ្ឌលអស្ចារ្យ សម្រាប់ការអប់រំ ឆ្ពោះទៅរកសន្តិភាព និងការអប់រំប្រជាជនសាកលលោក៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner