អ្នកជំនាញទឹកស្អាតជប៉ុន មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងរកដំណោះស្រាយក្នុងការកែលម្អធ្វើទំនើបកម្មវិស័យទឹកស្អាតនិងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មី នៅក្នុងខេត្តបាត់ដំបង

      ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ដើម្បីប្រមូលនូវទិន្នន័យអំពីកិច្ចដំណើរការ នៃ រោងចក្រផលិតទឹកស្អាត នៅក្មុងខេត្តបាត់ដំបង ពីក្រុមជំនាញការទឹកស្អាតជប៉ុន កាលពីចុងសប្តាហ៍ថ្មីៗកន្លងទៅនេះ។លោក អ៊ុត ក្លឹង ប្រធានអង្គភាពនៃរដ្ឋាករទឹកខេត្តបាត់ដំបង និង មន្រ្តីជំនាញតាមផ្នែកពាក់ព័ន្ធមួយចំនួន បានទទួលជួបសំណេះសំណាលពិភាក្សាការងារ ជាមួយនិងអ្នកជំនាញការទឹកស្អាតជប៉ុន ដោយបានចុះមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការដំណើរការ របស់ រោងចក្រផលិតទឹកស្អាតខេត្តបាត់ដំបង និងពីការងារគ្រប់គ្រងពីបញ្ហាប្រឈមនានាមួយចំនួន ដើម្បីពិនិត្យមើលពីតម្រូវការ និងសំណូមពរចាំបាច់របស់អង្គភាព ដើម្បីរកដំណោះស្រាយកែលម្អលើការងារគ្រប់គ្រងក្នុងការធ្វើឲ្យទំនើបកម្មលើវិស័យទឹកស្អាតតាមរយៈដោយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ក្នុងការប្រើប្រាស់សម្រាប់ទិសដៅអនាគត អោយបានល្អប្រសើរ ថែមទៀត និងស្របតាមសម័យកាលការអភិវឌ្ឍន៍។

      ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រុមជំនាញការទឹកស្អាតជប៉ុន មកពីទីក្រុង Kitakyushu នៅអង្គភាពរដ្ឋាករទឹកបាត់ដំបងនេះ ដឹកនាំដោយលោក គីយ៉ាម៉ា សាតូស្ហ៊ិ KIYAMA SATOSHI គឺក្នុងគោលបំណងដោយផ្តោតសំខាន់ដើម្បីសិក្សាស្វែងយល់លើការងារគ្រប់គ្រង និងកិច្ចដំណើរការរបស់រោងចក្រផលិតទឹកស្អាតថ្មីកន្លងមក ដែលជាសមិទ្ធផល នៃ គម្រោងជំនួយឥតសំណង របស់ ជប៉ុន ដែលបានដាក់ឲ្យដំណើរការ រយៈពេល៥ឆ្នាំកន្លងមកនេះ។

      នៅក្នុងដំណើរទស្សនកិច្ចចុះសិក្សានេះ អ្នកជំនាញការទឹកស្អាតជប៉ុន បានថ្លែងគូសបញ្ជាក់ឲ្យដឹងផងដែរពីគោលបំណងផ្តោតសំខាន់របស់ពួកគេ គឺដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវនិងការប្រមូលនូវទិន្នន័យ ដែលទាក់ទងលើការងារអាជីវកម្មទឹកស្អាតរបស់អង្គភាពកន្លងមក និងធ្វើការសិក្សាបន្ថែមពីបញ្ហាប្រឈម និងពិនិត្យមើលពីសំណូមពរពីតម្រូវការចាំបាច់នានាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយដល់ការងារគ្រប់គ្រង និង លើដំណើរការអាជីវកម្មទឹកស្អាតក្នុងខេត្តបាត់ដំបង ឲ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងពេលអនាគត។

     ក្រៅពីការចុះសិក្សានេះ ខាងភាគីជប៉ុនក៏បានលើកពីគោលដៅអភិវឌ្ឍន៍ទឹកស្អាតក្នុងពេលអនាគតផងដែរអំពីការបំពាក់នូវឧបករណ៍បច្ចេកទេស ដែលមានបច្ចេកវិទ្យាជឿនលឿន សម្រាប់យកមកប្រើប្រាស់ឲ្យស្របឆ្លើយតបទីតាមសម័យកាលជឿនលឿន ហើយថែមទាំងផ្ដល់ នូវ ភាពងាយស្រួលជួយដល់ការងារគ្រប់គ្រង ការតាមដាន និងការផលិតទៀតផង។

      ជាមួយគ្នានេះ លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង ក៏បានសម្តែងនូវការគោរព និងការថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងភាគីជប៉ុន។ជាពិសេស រដ្ឋាករទឹកនៃទីក្រុង Kitakyushu ដែលតែងតែជួយគិតគូរ និងជួយដល់ការងារបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេស ក្នុងការពង្រឹង នូវសមត្ថភាពជំនាញ ដល់បុគ្គលិកនៃអង្គភាពរដ្ឋាគរទឹកខេត្តបាត់ដំបង ឲ្យដំណើរការក្នុងការគ្រប់គ្រងថែទាំ និងផ្តល់សេវាកម្មទឹកស្អាតជូនដល់ប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង ប្រកបដោយនិរន្តរភាព ដែលទឹកមានគុណភាពល្អ, តម្លៃសមរម្យ។និងមានសម្ពាធគ្រប់គ្រាន់ ដើម្បីដំណើរការ ២៤ម៉ោង ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងខេត្ត ផងដែរ។

      លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែម ឲ្យដឹងផងដែរថា៖ ក្រៅពីការបណ្តុះបណ្តាលធនធានមនុស្សលោក គីយ៉ាម៉ា សាតូស្ហ៊ី Kiyama Satoshi តែងតែខិតខំប្រឹងប្រែងស្វះស្វែងក្នុងការកៀងគរ រកជំនួយជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈដៃគូអង្គការ JICA ដោយបានសាងសង់នូវរោងចក្រផលិតទឹកស្អាត និងការពង្រីកនូវបណ្ដាញទឹកស្អាតដើម្បីឲ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតដែលជាតម្រូវការឲ្យប្រជាជននៅក្នុងក្រុង ១០០%ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ ត្រឹមឆ្នាំ២០២៥។ ជាមួយគ្នានោះ លោកប្រធានអង្គភាព ក៏បានសំណូមពរស្នើសុំឲ្យក្រុមការងារនិងអ្នកជំនាញជប៉ុនជួយគាំទ្រធ្វើការអភិវឌ្ឍន៍វិស័យទឹកស្អាតជាបន្តទៀត តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការបំពាក់នូវឧបករណ៍បរិក្ខារផលិតកម្ម និងលើការងារគ្រប់គ្រងផ្សេងៗ ដើម្បីឲ្យការអភិវឌ្ឍន៍វិស័យទឹកស្អាតក្នុងខេត្ត ធានាបាននូវនិរន្តរភាព សម្រាប់ថ្ងៃអនាគត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner