កិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំបេញ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ជូនផងដែរថា នាពេលថ្មីៗ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រ ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩ ដោយក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវឲ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់ខ្ជួននូវឆន្ទៈទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រ ដែលបានដាក់ឲ្យប្រើប្រាស់នេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាជន ព្រមទាំងគាំ-ទ្រ និងលើកស្ទួយជីវភាពរបស់ប្រជាជន តាមគន្លងប្រក្រតីភាពថ្មីនេះ៕ ដោយ/ វ៉េង លឹមហួត



