ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ធ្វើការណែនាំឲ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចតាមច្រកព្រំដែន ត្រូវបន្តត្រួតពិនិត្យឲ្យម៉ត់ចត់ដោយអនុវត្តតាមគោលការណ៍ណែនាំថ្មី របស៎ រាជរដ្ឋាភិបាល

    

តាមរយៈសារសម្លេងពិសេសរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះនិងនៅក្នុងឱកាសឯកឧត្តមអភិបាលខេត្ដបាត់ដំបងបានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលកងកម្លាំង និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរនៅតាមច្រកព្រំដែន ត្រូវពង្រឹងក្នុងកិច្ចការពារពីការឆ្លងដែនវិលត្រឡប់ របស់ បងប្អូនខ្មែរមកពីប្រទេសថៃត្រូវតែសួរនាំឲ្យបានជាក់លាក់ និងត្រូវត្រួតពិនិត្យរកប័ណ្ណចាក់វ៉ាក់សាំង ជាមុនសិន ដើម្បីចៀសវាង កុំឱ្យមានករណីអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង និងមានការក្លែងបន្លំកាតចាក់វ៉ាក់សាំង ជាដើម…។ដែលជាប្រការអាចបង្កគ្រោះថ្នាក់ដល់សុខុមាលភាព ក្នុងសង្គមជាតិទាំងមូល ក្នុងករណីដែលសមត្ថកិច្ច និងមន្ត្រីជំនាញសុខាភិបាលមានការធ្វេសប្រហែសអំពីបញ្ហាទាំងនេះ។

       ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ដបាត់ដំបង ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ តាមច្រកព្រំដែនទាំងអស់ត្រូវការពារនិងពង្រឹងកិច្ចការពារឱ្យបានតឹងរឹង ចៀសវាងកុំឱ្យមានករណីបន្លំកាតចាក់វ៉ាក់សាំងកើតឡើងបាន។ខណៈស្របពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឱ្យមានការឆ្លងដែនចូលប្រទេសកម្ពុជា ដោយពុំចាំបាច់ធ្វើចត្តាឡីស័កនូវក្នុងល័ក្ខខណ្ឌចំពោះអ្នកដែលបានចាក់វ៉ាក់សាំងចំនួន០២ដូសរួច។ ហើយក៏ត្រូវមានកាតបញ្ជាក់ពីការចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។

     ដោយថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និង កងកម្លាំង ប្រដាប់អាវុធនៃស្រុកទាំង២ខាងលើនេះ ឯកឧត្តមសុខ លូ អភិបាលខេត្ដបាត់ដំបង បានថ្លែងបន្ថែមថា៖ដោយសារតែប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅនិងប្រកបការងារនៅប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 នៅមានចំនួនតិចតួចនៅឡើយ។ កន្លងមករាជរដ្ឋាភិបាលបាននិងកំពុងតែចរចាជាមួយភាគីថៃដើម្បីសុំយកវ៉ាក់សាំងទៅចាក់ជូនដល់បងប្អូនខ្មែរទាំងនោះនិងកំពុងប្រកបការងារនៅក្នុងទឹកដីថៃ ផងដែរ។

      ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ខណៈស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាច្រកកម្ពុជាបានប្រកាសអនុញ្ញាតឱ្យបើកច្រកព្រំដែនឡើងវិញហើយឱ្យចូលប្រទេសវិញក្នុងលក្ខ័ន្តត្រូវមានកាតបញ្ជាក់ថា៖ បានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួន០២ដូសហើយនោះ? 《ដូចនេះ គ្រប់មន្រ្តី កងកម្លាំងតាមច្រកព្រំដែននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកជាប់ព្រំដែន សូមរឹតបន្តឹងពិនិត្យផ្ទៀងផ្ទាត់នូវកាតចាក់វ៉ាក់សាំងឲ្យបានម៉ត់ចត់ធ្វើយ៉ាងណាកុំឱ្យមានករណីការក្លែងបន្លំកាតបញ្ជាក់ថាបានចាក់វ៉ាក់សាំងកើតឡើងឱ្យសោះ 》។

       ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់គណៈអភិបាលស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន និងកងកម្លាំងតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃស្រុកទាំង២ខាងលើត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសារពិសេសរបស់សម្តេចតេជោថ្មីៗនេះ និងពីការណែនាំ និងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី ១៤ ខែវិច្ឆកា ឆ្នាំ២០២១ ដែលបានសម្រេចក្នុងការអនុញ្ញាត ឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-19ពេញលេញអាចចូលមកកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនោះទេ។        ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយ និងមន្ត្រីខាងលើនេះក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានចុះទៅពិនិត្យមើល និងចង់ស្វែងយល់ ពីស្ថានភាពច្រកទ្វារព្រំដែនជាប់ប្រទេសថៃ ចំនួន២កន្លែងផងដែរ ដូចជា៖ច្រកទ្វារតំបន់ អូររំដួល ក្នុងស្រុកភ្នំព្រឹក និង ច្រកទ្វារតំបន់ “អូរអន្លក់-ស៊ួនស៊ុ” ក្នុងស្រុកកំរៀង។ដោយក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ត្រីនិងកងកម្លាំងមាត់ច្រកព្រំដែន ត្រូវអនុវត្តនូវវិធានការសុខាភិបាលដូចដែលបានណែនាំខាងលើនេះឲ្យបានម៉ឺងម៉ាត់។ហើយចំពោះអ្នកដែលមិនមានប័ណ្ណឬកាតចាក់វ៉ាក់សាំង ឬ ចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូស ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កនិងធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR។ ដោយឡែកអ្នកចាក់វ៉ាក់សាំង០២ដូសរួចហើយ ត្រូវធ្វើតេស្តRapidភ្លាមៗក្នុងករណីលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យនិងសមត្ថកិច្ច ត្រូវអនុញ្ញាតឲ្យគេបានបន្តដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេ ដោយមិនចាំបាច់ធ្វើចត្តាឡិស័ក៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner