សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអភិវឌ្ឍយុវជន”
រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអភិវឌ្ឍយុវជន” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ដៃគូអភិវឌ្ឍ និងមន្ត្រីជំនាញសរុប ៧០នាក់ តាមរយៈកម្មវិធី Zoom Meeting ។
គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលាពិនិត្យឡើងវិញ និងកែសម្រួលយុទ្ធសាស្រ្ត សូចនាករ និងសកម្មភាពគោលនយោបាយដែលមាននៅក្នុងផែនកាយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍយុវជន និងចក្ខុវិស័យវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា។ អនុសាសន៍ដឹកនាំគន្លឹះៗ របស់ឯកឧត្តមរដ្ឋ លេខាធិការ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១. សូមធ្វើការពិនិត្យឡើងវិញនូវ វត្ថុបំណង ភាពសក្តិ សិទ្ធ ភាពពាក់ព័ន្ធ ដោយយោងទៅតាមបញ្ហាប្រឈមក្នុងបរិបទនេះ ដោយបន្សុីជាមួយក្របខណ្ឌគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជន គោលនយោបាយការសិក្សាពេញមួយជីវិត និងក្របខណ្ឌសេដ្ឋកិច្ចសង្គមឌីជីថល ២០២១-២០៣៥
២. ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារយុវជន ការធ្វើទំនើបកម្មសម្រាប់យុវជន និងកុមារស្របតាមបរិបទឌីជីថល
៣. នាយកដ្ឋានជំនាញទាំងបីសូមធ្វើការពិនិត្យ និងកែសម្រួល វត្ថុបំណង យុទ្ធសាស្ត្រ សកម្មភាព សូចនាករ និងការធ្វើចំណោល។ បន្ថែមពីនោះ សូមនាយកដ្ឋាននាតិកម្មពិនិត្យទៅលើការរៀបចំលិខិតបទដ្ឋាន បែបបទ និងខ្លឹមសារ ដែលត្រូវទៅតាមការណែនាំរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍដែលបានចូលរួមក្នុងសិក្ខាសាលានេះ មានសុខភាពល្អ និងប្រសិទ្ធពរ បវរមហាប្រសើរ និងជៀសផុតពីជំងឺកូវីដ-១៩ ដោយរក្សាបាន ៣កុំ ៣ការពារ៕ ដោយ-រ៉ាវុធ






