ផ្លូវមួយខ្សែនៅក្រុងកែបកំពុងរងការខូចខាត ដោយសារក្រុមហ៊ុនដឹកដី
ខេត្តកែប ៖ រដ្ឋបាលខេត្តកែប បើទោះបីក្នុងតំណាក់កាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ គឺដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀតធ្វើការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៨ ខែ វិច្ឆិការ នេះផ្លូវ១ខ្សែក្នុងមូលដ្ឋាន ក្រុងកែប ដែលទទួលរងការខូចខាតដោយរថយន្តខ្នាតធំដឹកដី បច្ចុប្បន្នត្រូវបានអាជ្ញាធរធ្វើការជួលជុល និងអ៊ុតកៅស៊ូសាឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល និងសម្រួលដល់ការកកស្ទះចរាចរផងដែរ ។
ពាក់ព័ន្ធនឹងរថយន្តខ្នាតធំដឹកដីបណ្ដាលឲ្យខូចផ្លូវ អ្នកសារ ព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក ស្រី ទិត្យសុខា អភិបាល ក្រុងកែប បានទេ ដោយសារទូរស័ព្ទរបស់គាត់ មិនអាចទំនាក់ទំនងបាន ។
ចំណែកលោក ប្រធានមន្ទីរ សាធារណការដឹកជញ្ជូនខេត្តកែប បានទៅប្រាប់ អ្នកយកព័ត៌មានថា រថយន្តដឹកដីមកចាក់ពង្រីកឆ្នេរនេះ ខាងក្រុមហ៊ុនគេធានា ជួសជុលផ្លូវនោះសងវិញ ចំណែក លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយសារតែលោក រវល់ជាប់ប្រជុំ ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ មួយចំនួននៅខេត្តកែប បានប្រាប់អ្នកយកព័ត៌មានថា ដងមហាវិថីដ៏ស្រស់ផូរផង់ ក្នុងខេត្តកែប ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកន្លងមក បច្ចុប្បន្នកំពុងត្រូវបានរងគ្រោះ ទ្រុតទ្រោមដោសារឡានដឹកដីរបស់ក្រុមហ៊ុន មួយកំពុងធ្វើសកម្មភាព ដឹកក្នុងមួយថ្ងៃរាប់រយឡាន ៕