ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ផ្តល់ឪកាសដល់កូនចៅអតីតយុទ្ធជន បានចូលបម្រើជាតិ បន្តវេនពីឪពុកម្តាយ ជីដូន និងជីតា តាមរយៈការជ្រើសរើស ចូលបំពេញក្របខណ្ឌរបស់កងទ័ពជើងគោកកម្ពុជា !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ការបើកឪកាសអោយកូនចៅអតីតយុទ្ធជន ពលី ពិការ និងមរណៈ នៅក្នុងសម័យតស៊ូធ្វើសឹកសង្គ្រាម បានចូលបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋនាពេលនេះ ត្រូវគេមើលឃើញថា គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងវិស័យយោធា ត្រូវបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ក្រោយការចូលកាន់តំណែងជា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីទទួលបានប្រសិទ្ធភាពការងារ លើវិស័យការពារជាតិកម្ពុជា។

នៅថ្ងៃអាទិត្យទី២៩ធ្នូម្សិលមិញ អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានរៀបចំការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងផ្ទៀងផ្ទាត់ បេក្ខជន និងបេក្ខនារី ដែលសុទ្ធសឹងតែជាកូនចៅអតីតយុទ្ធជន តាមរយះសមាគមអតីតយុទ្ធជនកម្ពុជាក្នុងតំបន់ មកពីខេត្តចំនួន៣ នៃភាគឥសាន្តប្រទេស គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានចំនួន ១៣២នាក់។

រីឯ ការរៀបចំការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងផ្ទៀងផ្ទាត់ បេក្ខជន ចូលបំរើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក នេះទៀត គឺបានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីប្រធានការិយាល័យទី១ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ត្រី ឈឹម លីម ដែលជាប្រធានគណៈប្រតិភូយោធា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីមន្ត្រីយោធាជំនាញ នៃយោធភូមិភាគទី១ ក្រោមការស្វាគមន៍ ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការរង នាយសេនាធិការ និងនាយទាហានជំនាញ ជាច្រើនរូបទៀត ផងដែរ។

នាយការិយាល័យទី១ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ត្រី ឈឹម លីម បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាត ពីអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ ដឹកនាំក្រុមការងារយោធា ទទួលទិសចុះមកកាន់ទិសយោភូមិភាគ១ យោធភូមិភាគ២ យោធភូមិភាគ៣ និងយោធភូមិភាគពិសេស គឺ ៤ភូមិភាគ ដែលលោកឧត្តមសេនីយ៍ ត្រូវចុះមកធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ លើកិច្ចការបេក្ខជន ដែលបានស្ម័គ្រចិត្តដាក់ពាក្យចូលបំរើការងារ ជាកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោកនាពេលនេះ។

លោកឧត្តសេនីយ៍ បានបន្តទៀតថា ការចុះត្រួតពិនិត្យនេះ គឺសំដៅតែចំពោះយោធិន ដែលបំពេញលើឯកសារមិនទាន់គ្រប់គ្រាន់ ដើម្បីផ្តៀងផ្ទាត់ឲ្យត្រូវទៅតាមគោលការណ៍ឡើងវិញ។ លោកថា ចំពោះកូន ចៅ ដែលជាសាច់បង្កើតរបស់អតីតយុទ្ធជន គឺពួកគាត់បានដាក់ពាក្យទៅតាមរយះ សមាគមអតីតយុទ្ធជនកម្ពុជា « សអក » នៅខេត្ត និងស្រុក ដែលពួកគាត់បានបញ្ជូនឯកសារ យកទៅដល់ការិយាល័យទី១ កងទ័ពជើងគោក រួចរាល់អស់ម្តងហើយ។

ប៉ុន្តែ ឯកសារនោះមិនទាន់គ្រប់គ្រាន់ មិនទាន់បញ្ជាក់ទៅតាមគោលការណ៍ណែនាំ ទៅតាមរបៀបកិច្ចការ ដែលត្រូវដំណើរការ រីឯ ការផ្ទៀងផ្ទាត់នាពេលនេះ ក្រុមការងារមិនមានសិទ្ធិសម្រេច ឲ្យជាប់ ឬ ធ្លាក់នៅក្នុងពេលនេះនោះទេ។ ហើយការដឹងថា ជាប់ ឬ ធ្លាក់ គឺអាចដឹងនៅចុងខែមករា និងនៅដើមខែកុម្ភះឆ្នាំ២០១២០ ខាងមុខនេះ ក្រោយការសំរេចដោយយុត្តិធម៌ ពីមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

នាយការិយាល័យទី១ កងទ័ពជើងគោក លោកឧត្តមសេនីយ៍ត្រី ឈឹម លីម បានបញ្ជាក់ថា ការជ្រើសរើសកូនអតីតយុទ្ធជន ដោយស្ម័គ្រចិត្ត ចូលបំរើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោកនៅពេលនេះ គឺមិនតម្រូវឲ្យក្មួយៗមានការខាតបង់ ឬ សូកប៉ាន់លុយកាក់នោះទេ។ ហើយប្រសិនជាដឹង លោកចុះបកស័ក្តិ និងដាក់វិន័យ បើសិនជាអ្នកហ្នឹងជាកងយោធពលខេមរភូមិន្ទ ដែលហ៊ានប្រព្រឹត្ត នូវអំពើណា ដែលផ្ទុយពីគោលការណ៍ ហើយបើអ្នកផ្សេង លោកនឹងទំនាក់ទំនងជាមួយសមត្ថកិច្ច ដើម្បីវែកមុខរកឲ្យឃើញ ចំពោះការបោកប្រាស់លើក្មួយៗ ដែលជាកូន ចៅ អតីតយុទ្ធជន។

គួរបញ្ជាក់ថា គោលការណ៍របស់កងទ័ពជើងគោក តម្រូវការជ្រើសរើសទ័ព ចូលបំរើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក ក្នុងពេលនេះ មានចំនួន ២ពាន់ ៤៨១នាក់ ហើយគណៈកម្មាការជ្រើសរើសទ័ព ទទួលបានការដាក់ពាក្យ ចំនួន ៧ពាន់ ៨៤១នាក់ និងការជ្រើសរើសជំហានដំបូងនេះ ទទួលបានចំនួន ១៣២នាក់ ស្រី ៣៤នាក់ ជាកូន ចៅ របស់អតីតយុទ្ធជន « យោធា នគរបាល និង កងរាជអាវុធហត្ថ » ដែលបានពលី ពិការ និងទទួលមរណភាព កាលក្នុងអំឡុងសម័យសង្គ្រាម៕ធ.ដ

ដោយ៖ឡុង សំបូរ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner