កសិករឥណ្ឌាបន្តការតវ៉ា ទោះបីច្បាប់ស្តីពីកសិកម្មថ្មីត្រូវបានលុបចោលក្ដី
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃសុក្រប្រកាសថា សមាជិកសភានឹងលុបចោលច្បាប់កសិកម្មថ្មី ដែលកសិករតវ៉ាដោយភ័យខ្លាចថាច្បាប់នេះនឹងកាត់បន្ថយតម្លៃដំណាំ ទុកឱ្យពួកគេងាយរងគ្រោះដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនធំៗ និងបំផ្លាញរបៀបរស់នៅរបស់ខ្លួន។

ការសម្រេចរបស់លោក Modi ធ្វើឡើងបន្ទាប់ពីក្រុមកសិករប្រមូលផ្ដុំគ្នាបោះជំរំនៅជាយក្រុងញូវដេលីទាំងស៊ូទ្រាំនឹងអាកាសធាតុរយៈពេលមួយឆ្នាំពេញ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។
លោក Darshant Pal Singh មេដឹកនាំបាតុករកសិករម្នាក់ក្នុងចំណោមអ្នកតវ៉ាប្រាំបួននាក់ថ្លែងថា៖ «វាជាអំណាច វាជាកម្លាំង វាជាការតស៊ូ វាជាការលះបង់របស់កសិករជាង ៧០០ នាក់ ដែលបង្ខំលោក Modi ឱ្យចុះមកលុបចោលច្បាប់ទាំងនេះ»។
ច្បាប់កសិកម្មថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញាឆ្នាំមុន ដោយចែងអំពីការគ្រប់គ្រងវិស័យកសិកម្ម អនុញ្ញាតឱ្យកសិករលក់ផលិតផលទៅឱ្យអ្នកទិញលើសពីទីផ្សារលក់ដុំដែលគ្រប់គ្រងដោយរដ្ឋាភិបាល ថែមទាំងធានានូវតម្លៃអប្បបរមា។ ប៉ុន្តែកសិករភ័យខ្លាចថា ឈ្មួញមិនធ្វើតាមការកំណត់របស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី Modi ក្រោយការប្រកាសដ៏ភ្ញាក់ផ្អើល ក៏ជំរុញឱ្យក្រុមបាតុករត្រឡប់ទៅផ្ទះវិញ ប៉ុន្តែកសិករនិយាយថា ពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់ច្បាប់ត្រូវបានបាត់បង់ជាផ្លូវការក្នុងខែធ្នូ នៅពេលដែលសភាបើកអង្គប្រជុំរដូវរងារបស់ខ្លួន និងរហូតដល់រដ្ឋាភិបាលកំណត់ធានាតម្លៃអប្បបរមាសម្រាប់ដំណាំជាច្រើនដែលខ្លួនថាមិនមានភាពច្បាស់លាស់ក្នុងច្បាប់ថ្មី។
កសិករដែលធ្វើការតវ៉ាយល់ឃើញថា ជាជាងការដកថយនៅពេលនេះ វាជាឱកាសមួយដើម្បីជំរុញឱ្យកាន់តែខ្លាំងឡើងលើនាយករដ្ឋមន្ត្រីដែលត្រៀមខ្លួនក្នុងការបោះឆ្នោតសម្រាប់គណបក្សរបស់លោកក្នុងរដ្ឋជាច្រើននៅឆ្នាំក្រោយ។ រដ្ឋាភិបាលឥណ្ឌានិយាយថា ខ្លួននឹងបង្កើតគណៈកម្មាធិការមួយដើម្បីពិចារណាលើបញ្ហាដែលអ្នកតវ៉ាលើកឡើង។
ក្រុមកសិករជាច្រើនទទួលស្គាល់ថា ប្រព័ន្ធកសិកម្មដែលផ្តួចផ្តើមឡើងក្នុងអំឡុងពេលនៃភាពអត់ឃ្លានរីករាលដាលនៅទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីបង្កើតទីផ្សារកណ្តាលឱ្យកសិករលក់ផលដំណាំរបស់ឥណ្ឌា គួរតែត្រូវបានជួសជុល ទោះបីជាមានការតវ៉ាលើច្បាប់កសិកម្មថ្មីដែលខុសពីច្បាប់ចាស់នេះក្ដី។
ចលនាទាមទាររបស់កសិករចាប់ផ្តើមក្នុងរដ្ឋ Punjab ដែលជាផ្ទះរបស់សហគមន៍ Sikhs ដ៏ធំមួយ ក្រុមសាសនា និងរដ្ឋធ្វើកសិកម្មដ៏ធំបំផុតមួយរបស់ប្រទេស។ មេដឹកនាំការតវ៉ាពឹងលើទាំងការរៀបចំ និងផ្តល់ហិរញ្ញប្បទានដល់បាតុកម្មពេញមួយឆ្នាំរបស់ពួកគេ។ លោក Baldev Singh Sirsa អ្នកដឹកនាំកសិដ្ឋាននិយាយថា ជំនួយហិរញ្ញវត្ថុជាពិសេសពីវិហារ Sikh និងអង្គការនានានៅខាងក្រៅប្រទេស មានសារៈសំខាន់ណាស់ចំពោះការបន្តទាមទារនៃចលនានេះ។
ក្រុមអ្នកតវ៉ាធ្វើឱ្យប្រាកដថា ការទាមទាររបស់ខ្លួនឮដល់បរទេស ដោយមានទាំងអ្នកតវ៉ានៅក្រុង Toronto និង Montreal ដែលកាន់សញ្ញានៅខាងក្រៅស្ថានកុងស៊ុលឥណ្ឌាប្រចាំប្រទេសកាណាដា។ ជាមួយគ្នានោះ ក្រុមអ្នកតវ៉ាក៏បានដើរកាត់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ យុទ្ធនាការបន្តដំណើរការរហូតដល់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និងតារាចម្រៀងប៉ុបនាង Rihanna លើកយកមកនិយាយ។
កាលពីខែមករា ខណៈដែលប្រទេសឥណ្ឌាប្រារព្ធទិវាសាធារណៈរដ្ឋដែលជាថ្ងៃបុណ្យជាតិ កសិករមួយចំនួនជិះត្រាក់ទ័រឆ្លងកាត់របាំងប៉ូលីសចូលទៅក្នុងទីក្រុង New Delhi ដែលបណ្តាលឱ្យអ្នកតវ៉ាម្នាក់ស្លាប់។ អ្នកវិភាគនយោបាយនិយាយថា ចលនានេះចប់ហើយ ប៉ុន្តែអ្នករៀបចំនៅតែបន្តការតវ៉ាដោយសន្តិវិធីរបស់ខ្លួនក្រោមអាកាសធាតុដ៏ត្រជាក់ និងភាពមហរន្តរាយនៃការរាលដាលជំងឺកូវីដ-១៩។
បន្ទាប់មកនៅក្នុងខែតុលា ក្បួនរថយន្តរបស់គណបក្ស Bharatiya Janata (B.J.P.) របស់លោក Modi បើកសម្រុកចូលទៅក្នុងក្រុមកសិករដែលកំពុងតវ៉ានៅរដ្ឋ Uttar Pradesh បណ្តាលឲ្យអ្នកតវ៉ាបួននាក់ស្លាប់ រួមនឹងមនុស្សបួននាក់ផ្សេងទៀតមានអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។
ក្រោយហេតុការណ៍ កូនប្រុសម្នាក់របស់លោក Modi ស្ថិតក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងរឿងនេះ។ ទន្ទឹមនឹងនោះ ចំនួននៃការស្ទង់មតិគាំទ្របក្ស B.J.P. ធ្លាក់ចុះភ្លាមៗនៅក្នុងរដ្ឋ Uttar Pradesh ធ្វើឱ្យមន្ត្រីគណបក្សចាប់ផ្តើមព្រួយបារម្ភថា ពួកគេចាញ់ការបោះឆ្នោតក្នុងរដ្ឋនេះនៅឆ្នាំក្រោយ។
កសិកម្មគឺជាវិស័យនាំមុខនៃការចិញ្ចឹមជីវិតសម្រាប់ប្រជាពលរដ្ឋជិត ៦០ ភាគរយនៃប្រជាជនឥណ្ឌា។ ខណៈពេលដែលកសិករខ្លះរីករាយនឹងជីវិតបែបវណ្ណៈកណ្តាលមានជំនួយបច្ចេកវិទ្យាទំនើបៗ ដូចជាត្រាក់ទ័រ និងប្រព័ន្ធធារាសាស្រ្ត កសិករជាច្រើនផ្សេងទៀតមិនឃើញពីប្រាក់ចំណេញដែលរកបានពីវិស័យនេះឡើយ ថែមទាំងត្រូវជំពាក់បំណុលទៀត។
ច្បាប់កសិកម្មថ្មីរបស់លោក Modi មានគោលបំណងនាំយកប្រាក់ឯកជនបន្ថែមទៀតឱ្យវិនិយោគក្នុងវិស័យកសិកម្ម និងធ្វើឱ្យកម្លាំងទីផ្សារកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក Singh អ្នកដឹកនាំការតវ៉ានិយាយថា កសិករជាច្រើនពេញចិត្តនឹងការឧបត្ថម្ភធនលើទិន្នផលជាង។
លោក Singh លើកឡើងថា៖ «ឫសគល់នៃបញ្ហាកសិកម្មនៅឥណ្ឌា គឺកសិករមិនទទួលបានតម្លៃត្រឹមត្រូវនៃដំណាំរបស់ពួកគេ។ មានវិធីពីរយ៉ាងក្នុងការមើលឃើញការកែទម្រង់ ទីមួយគឺការផ្តល់ដីទៅសាជីវកម្មនានា អ្នកធំៗ អ្នកមូលធននិយម និងមួយទៀតគឺជួយកសិករបង្កើនទិន្នផល»។