យោធាស៊ូដង់តែងតាំងតំណែងរបស់នាយករដ្ឋមន្ត្រី Abdalla Hamdok ឡើងវិញកាលពីថ្ងៃអាទិត្យ ហើយសន្យាថានឹងដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់
លោក Hamdok ត្រូវបានគេឃុំខ្លួនក្នុងផ្ទះកាលពីខែតុលាឆ្នាំនេះ ហើយវាជាសកម្មភាពដែលសហគមន៍អន្តរជាតិនានាចេញមុខថ្កោលទោសថាជាការធ្វើរដ្ឋប្រហារបែបយោធា។
ក្រោមកិច្ចព្រមព្រៀងមួយដែលចុះហត្ថលេខាជាមួយមេដឹកនាំយោធាឧត្តមសេនីយ៍ Abdel Fattah al-Burhan លោកនាយករដ្ឋមន្រ្តី Hamdok នឹងដឹកនាំរដ្ឋាភិបាលស៊ីវិល។
មនុស្សរាប់ម៉ឺននាក់បានចូលរួមការប្រមូលផ្តុំនៅរដ្ឋធានី Khartoum ក្រុង Omdurman និង Bahri ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ហើយសមាគមវិជ្ជាជីវៈស៊ូដង់ (SPA) ដែលជាក្រុមតវ៉ាឈានមុខគេ ហៅកិច្ចព្រមព្រៀងថា “ក្បត់ជាតិ”។ ជុំវិញការតវ៉ានេះ កងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។
លោកនាយករដ្ឋមន្រ្តី Hamdok ថាលោកយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដើម្បីការពារកុំឱ្យមានអ្នកស្លាប់ និងរបួសបន្ថែមទៀត។
“ឈាមប្រជាជនស៊ូដង់មានតម្លៃថ្លៃ។ ចូរយើងបញ្ឈប់ការបង្ហូរឈាម និងដឹកនាំកម្លាំងយុវជនក្នុងការកសាង និងអភិវឌ្ឍ”
ប្រភព៖ Reuters