អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកនិងជំរុញឲ្យមន្ត្រីជំនាញសាខាពន្ធដារខេត្ត សហការ ជាមួយ គ្រប់អាជ្ញាធរ ដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូន ប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យគិតពន្ធប្រថាប់ត្រាចៀសវាងមានការយល់ច្រលំ ដោយប្រការផ្សេងៗ
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិងមន្ត្រីជំនាញសាខាពន្ធដារខេត្តកំពង់ធំ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានធ្វើការក្រើនរំលឹកដោយជំរុញឲ្យមន្ត្រីជំនាញសាខាពន្ធដារខេត្តត្រូវមានកិច្ចសហការជាមួយ និងអាជ្ញាធរដែនដី ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត អំពីតម្លៃអចលនទ្រព្យគិតពន្ធប្រថាប់ត្រា ដើម្បីចៀសវាងពីមានការយល់ច្រលំ នូវ បញ្ហាផ្សេងៗកើតឡើង។
ឯកឧត្តម ងួន រនតៈ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធប្រថាប់ត្រានៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជំនាញសាខាពន្ធដាខេត្ត និងថ្នាក់ដឹកនាំនៃគណៈអភិបាលក្រុង-ស្រុកនៅក្នុងខេត្ត។
ឯកឧត្តម ងួន រតនៈ បានថ្លែងបន្ថែមទៀតថា៖ វិស័យការងារពន្ធដារ និងគយ ពិតជាវិស័យមួយដែលមានសារៈសំខាន់ណាស់ នូវក្នុងការជួយប្រមែប្រមូលពន្ធលើអចលនទ្រព្យ ដែលអាចជួយបង្កើននូវប្រាក់ចំណូលថវិកាជាតិ និងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែរឹងមាំទៅថ្ងៃមុខបន្ថែមទៀត។ ឯកឧត្តមបានបន្តទៀតថា៖ចំពោះការធ្វើបច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យ សំរាប់ធ្វើជាមូលដ្ឋានគិតពន្ធប្រថាប់ត្រានេះ សូមមន្ត្រីជំនាញនៃសាខាពន្ធដារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការកំណត់តម្លៃនិងការកំណត់តំបន់ឲ្យសមស្របទៅនឹងភូមិសាស្ត្រតំបន់នៅក្នុងទីប្រជុំជន ជាពិសេស តម្លៃសេដ្ឋកិច្ចដីធ្លី ដែលមានលក្ខណៈខុសៗគ្នា ដើម្បីចៀសវាងនៅពេលចុះអនុវត្ត កើតមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដីនិងមន្ត្រីជំនាញក៏ត្រូវចេះសហការគ្នា ដើម្បីធ្វើកិច្ចការងារទាំងនេះ ឲ្យសមប្រកបឆ្លើយតបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានក្រើនរំលឹកនិងបានដាស់តឿនដល់មន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធទាំងអស់ ដោយសង្កត់ធ្ងន់ថា៖ ចំពោះការងារសេសសល់ត្រូវរៀបចំពន្លឿនការដោះស្រាយពាក់ព័ន្ធបញ្ហាពន្ធដារនិងសូរិយោដី ជូនដល់អ្នកដែកទទួលសេវា និង ជំរះចេញឲ្យអស់ ចំពោះដីដែលបានធ្វើការវិនិយោគ ។
គោលបំណងក្នុងកិច្ចប្រជុំនេះ គឺបានផ្តោតយ៉ាងសំខាន់ ដើម្បីពិនិត្យឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និង តម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានក្នុងការគិតពន្ធប្រថាប់ត្រានិងដើម្បីធ្វើការកែសម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេស និងពីតម្លៃឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃវិស័យអចនលសទ្រព្យជាពិសេសតម្លៃដីធ្លី ដែលមានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្តនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងផងដែរ ៕ ( អត្ថបទ-រូបភាព៖ ក.ធ )