ការដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ
ភ្នំពេញ៖ ប្រព័ន្ធជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ដែលផ្ដល់នូវមធ្យោបាយក្នុងការសិក្សា តាមរយៈ ការមើលវីដេអូ និងឯកសារអេឡិចត្រូនិកផ្សេងៗ ដោយខ្លួនឯងផ្ទាល់ តាមរយៈកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូន របស់ពួកគេ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈ អនឡាញ(National TVET E-Learning Platform ) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី និងលោកស្រី NADIA OTTIGER នាយិការងនៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) ។
ឯកឧត្តមបន្តថា៖ប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញនេះ មានគោលបំណង និងសារៈសំខាន់ដូចជា ១)ផ្តល់នូវឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាបន្តបន្ទាប់ និងបត់បែន បានក្នុងអំឡុងពេលនៃការរាតត្បាត នៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ២)បង្កើនការទទួលបាននូវកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌ ក្នុងចំណោមយុវជននៅទូទាំងប្រទេសកម្ពុជា ៣)ធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា សម្រាប់បណ្តុះបណ្តាល តាមអនឡាញ និង៤)កែលម្អគុណភាព TVET ឱ្យមានការឆ្លើយតបទៅនឹងទីផ្សារការងារ និងមានប្រសិទ្ធភាពខ្ពស់។
អ្នកប្រើប្រាស់ចូលតាមគេហទំព័រ ឈ្មោះ www.tvet-elearning.com និងតាមរយៈកម្មវិធីឈ្មោះ TVET E-Learning អាចទាញយកពី AppStore សម្រាប់ iOS, Play Store សម្រាប់ Android និង AppGallery សម្រាប់ Huawei។ ឯកឧត្តមបានបន្តថា៖ប្រព័ន្ធជាតិនេះ មាន៣ តួអង្គសំខាន់ៗដែលរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថាន អ.ប.វ. និងសិក្ខាកាម សិស្ស និស្សិត ដែលក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ មានភារកិច្ចគ្រប់គ្រ
ង ថែទាំ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាតិទាំងមូល,ផលិតរបាយការណ៍រួម ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តការងាររបស់គ្រឹះស្ថាន អ.ប.វ.។
គ្រឹះស្ថាន អ.ប.វ. មានភារកិច្ចបង្កើតមាតិកាមេរៀន, វីដេអូបង្រៀន, ឯកសារមេរៀន,គ្រប់គ្រងការបង្រៀន និងរៀនរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានផ្សេងៗ រីឯសិក្ខាមកាម សិស្ស និស្សិត មានភារកិច្ចចូលរៀន,ធ្វើកិច្ចការ,ប្រឡង និងស្វ័យវាយតម្លៃការសិក្សារបស់ខ្លួន។ នៅក្នុងកម្មវិធីនេះដែរ លោកស្រី NADIA OTTIGER បានមានមតិថា ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តចូលរួមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា និងបន្តគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រព័ន្ធជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមអនឡាញ ដើម្បីឱ្យមានលក្ខណៈពេញលេញ និងគ្រប់គ្រាន់ ស្របតាមតម្រូវការងាររបស់អ្នកប្រើប្រាស់ និងការរីកចម្រើននៃបច្ចេកវិទ្យា ៕ ដោយ/ វ៉េង លឹមហួត