អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រាប់ថា យានយន្ត ១,០៥៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ១,០៥៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៨៦០គ្រឿង និងរថយន្ត ១៩៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៩៩,៦១៥គ្រឿង ក្នុងនោះមានម៉ូតូ ១៥០,៣២៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៩,២៩០គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក បត់ជែង អត់ស្លាក់លេខ ទូរស័ព្ទដៃ និងល្មើសសញ្ញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ បត់ជែង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ ឆៀក អាជីវកម្មជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៥លើក ក្នុងនោះស្លាប់ ០៥នាក់ របួស ០២នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល ៣២៨ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៣៤៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៣២២នាក់ របួស ៣,១៨៧នាក់ (របួសធ្ងន់ ១,៩៣៣នាក់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner