ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មរាជធានីភ្នំពេញជំរុញកម្លាំងការិយាល័យជំនាញអត្តសញ្ញាណកម្មត្រូវស្រាវជ្រាវត្រួតពិនិត្យភាពអសកម្មចំពោះមន្រ្តីផ្តល់សេវាអត្តសញ្ញាណកម្មនៅតាមបណ្តាខណ្ឌនិងប៉ុស្តិ៍រដ្ឋបាលជូនប្រជាពលរដ្ឋ មិនបានល្អដើម្បីរាយការណ៍ជូនថ្នាក់លើមានវិធានការ

ភ្នំពេញ៖
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូខាងមុខ នៃផែនការងារអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តម សេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងដោយបានជំរុញមន្រ្តីការិយាល័យជំនាញអត្តសញ្ញាកម្មត្រូវចុះស្រាវជ្រាវពង្រឹងការត្រួតពិនិត្យចំពោះមន្រ្តីបំរើការងារផ្តល់សេវាអត្តសញ្ញាណកម្មនៅតាមអធិការរដ្ឋាននគរបាលខណ្ឌនិងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋមិនបានល្អ កន្លងងមកតែងកើតមានបាតុភាពមិនប្រក្រតីជុំវិញមន្រ្តីមួយចំនួនតូចនៅតាមមូលដ្ឋានមានភាពយឺតយ៉ាវនៃការផ្តល់សេវាជូនពួកគាត់ និងការយកឯកសាររបស់ប្រជាពលរដ្ឋទុកចោល ជាមួយនឹងការទាមទាររកប្រាក់ខុសច្បាប់ណាមួយនោះ ដើម្បីរកប្រភពបញ្ហានេះឱ្យច្បាស់ជាមូលដ្ឋានក្នុងការរាយការណ៍ជូនថ្នាក់លើដើម្បីមានវិធានការ។នៅគ្រាដែលមន្រ្តីជំនាញអត្តសញ្ញាណកម្មកំពុងបើកយុទ្ធនាការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសំខាន់ផ្សេងៗជាពិសេសក្នុងការប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងជ្រើសសមាជិករដ្ឋសភា នីតិកាលទី៧ ឆ្នាំ២០២៣ នៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម ក៏បានលើកឡើងជំរុញមន្រ្តីការិយាល័យជំនាញអត្តសញ្ញាណកម្ម បន្តគ្រប់គ្រងប្រមូលទិន្នន័យការស្នាក់នៅរបស់ប្រជាពលរដ្ឋពីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ឱ្យបានច្បាស់លាស់និងត្រឹមត្រូវ,ត្រូវចុះផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋអំពីបែបបទនីតិវិធី សារៈសំខាន់នៃការចុះបញ្ជីស្នាក់នៅ ,ពង្រឹងខិតខំគ្រប់គ្រងទិន្នន័យចុះបញ្ជីស្នាក់នៅតាមប្រពន្ធបច្ចេកវិទ្យាឱ្យបានល្អ,ខិតខំចុះណែនាំអនុវត្តការងារជំនាញនៅតាមបណ្តាខណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានត្រឹមត្រូវតាមរបៀបរបបការងារនិងចុះណែនាំអំពីរបៀបដោះស្រាយបញ្ហាលើការងារអត្តសញ្ញាណកម្ម។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងទៀតថា ការផ្តល់ជូនសេវាអត្តសញ្ញាណកម្ម សៀភៅស្នាក់នៅ សៀវភៅគ្រួសារ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺតាមគោលការណ៍មិនតម្រូវឱ្យបង់ប្រាក់ និងការផ្តល់ជូនប្រជាពលរដ្ឋមិនឱ្យលើសរយៈពេលពី១០ថ្ងៃទៅ១៥ថ្ងៃនោះទេ។ កិច្ចការងារលើកកម្ពស់ផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់បំផុតចំពោះការងារនេះ ក្នុងនោះដើម្បីបង្កើនការអនុវត្តភារកិច្ចរបស់មន្រ្តីជំនាញផ្តល់សេវាអត្តសញ្ញាណកម្មឱ្យបានលឿនឆាប់រហ័សនិងកាន់តែមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរសមត្ថកិច្ចចុះហត្ថលេខាលើសៀវភៅស្នាក់នៅ (ក២)នៅថ្នាក់ស្រុក ក្រុង ខណ្ឌមកថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលជាអ្នកផ្តល់ជូន ចំណែកសៀវភៅគ្រួសារ(ក៤)ពីថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មកថ្នាក់ក្រុង ស្រុកខណ្ឌវិញ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner