រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថានពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ

រាជធានីភ្នំពេញ៖ឯកឧត្តមសាយសំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថាការរួមគ្នាប្រតិបត្តិមេត្រីបរិស្ថានគឺពិតជាមានសារៈសំខាន់ដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។

          ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងនៅថ្ងៃទី ២៤ ខែ វិច្ឆិកាឆ្នាំ ២០២១ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ជូនដល់អ្នកប្រតិបត្តិមេត្រីបរិស្ថានជាច្រើនរូបដែលក្នុងនេះមានទាំង សាលារៀន អង្គការ ក្រុមហ៊ុន អ្នកចម្រៀង ជាដើមដែលបានប្រតិបត្តិមេត្រីបរិស្ថានលេចធ្លោនិងគំរូនាកន្លងមក។

          មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា”ការចូលរួមគ្រប់ភាគីពិតជាមានសារៈសំខាន់និងជាការបើកទំព័រថ្មីនៅកម្ពុជាដើម្បីរួមគ្នាអនុវត្តមេត្រីបរិស្ថានឱ្យប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា” ។

          ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងឱ្យដឹងបន្ថែមថា នាកន្លងមកក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្នុងនេះក្រៅពីការអនុវត្តក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថានកាន់តែច្រើនឡើង។ក្នុងនេះដូចជា តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និង បទចម្រៀងបរិស្ថាន ដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកម្រ ពពួកសត្វស្លាប សត្វព្រៃកម្រ និងជិតផុតពូជបានធ្វើឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបនិងស្រឡាញ់ចូលចិត្តបរិស្ថានកាន់តែច្រើនឡើង។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុខុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈឱ្យការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង ទទួលបានប្រសិទ្ឋភាពខ្ពស់។

 ពាក់ព័ន្ធកិច្ចការពារបរិស្ថានវិញដែរត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ថ្លែងឱ្យដឹងដែរថា បច្ចុប្បន្នបើទោះបីក្រសួងបរិស្ថានមាន មន្រ្តីឧទ្យានុរក្សត្រឹមតែ ១២០០នាក់ទូទាំងប្រទេស ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការចូលរួមពីសំណាក់ មន្រ្តីពាក់ព័ន្ធ អង្គការដៃគូ ប្រជាសហគមន៍ធ្វើឱ្យយើងអាចការពារបាននូវព្រៃឈើ សត្វព្រៃ ហើយជាក់ស្តែងកម្ពុជាបានលក់ឥណទានកាបូនទៅកាន់ ទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទកភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោកផងដែរ។

      ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងក្នុងពិធីនេះឱ្យដឹងដែរថាកម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹកចិត្ត ដល់អ្នកដែល បានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និង ការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អនាកន្លងមក។

          ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺបានជំរុញឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ក្នុងការចូលរួមប្រតិបត្តិមេត្រីបរិស្ថានកាន់តែច្រើនឡើង។បើទោះបីជំងឺកូវីដ១៩បានជះផលជាអវិជ្ជមានចំពោះដំណើរការអនុវត្តការងារក្តី ប៉ុន្តែតាមរយៈការចង្អុរបង្ហាញពីរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងគ្រប់ភាគីចូលរួមធ្វើឱ្យការប្រតិបត្តិមេត្រីបរិស្ថានក្នុងឆ្នាំ ២០២១នេះទទួលលទ្ធផលបានយ៉ាងល្អប្រសើរ។

       បើតាមឯកឧត្តម ជួប ប៉ារីស៍បានឱ្យដឹងថាក្នុងឆ្នាំនេះមានប្រតិបត្តិករមេត្រីបរិស្ថានចំនួន២៣០រូបបានទទួលបណ្ណសរសើរនិងទទួលបានលិខិតថ្លែងអំណរគុណ។

          គួរបញ្ជាក់ថាក្នុងពិធីនេះគេឃើញសិល្បៈករជាច្រើនរូបបានទទួលបណ្ណសរសើរនិងលិខិតថ្លែងអំណរគុណដូចជា កំពូលតារាចម្រៀង មាស សុខសោភា ព្រះនាងតូច នរោត្តម ជេនណានិងអ្នកចម្រៀងល្បីឈ្មោះជាច្រើនរូបទៀតក៏បានទទួលបណ្ណសរសើរនិងលិខិតថ្លែងអំណរគុណនេះផងដែរបន្ទាប់ពីបាន ចូលរួម ប្រតិបត្តិមេត្រីបរិស្ថានក្នុងឆ្នាំ ២០២១នេះលេចធ្លោនិងល្អប្រសើររូចមក៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner