សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីគោលបំណងសំខាន់ចំនយន៦ចំណុច នៃកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នេះ

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានី ភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និង អគ្គលេខាធិការអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នេះ រួមមាន៖ ទី១-ធ្វើឲ្យកាន់ តែស៊ីជម្រៅ ក្នុងការតភ្ជាប់អន្តរតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកំណើនរួមគ្នា, ទី២-លើកស្ទួយ ភាពជាដៃគូអន្តរតំបន់ ដើម្បីអភិបាលកិច្ចសកល, ទី៣-លើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធពហុភាគី ផ្អែកលើប្រធានបទ ច្បាប់, ទី៤-ទាញអត្ថប្រយោជន៍ពីនវានុវត្តការតភ្ជាប់ឌីជីថល និងបដិវត្តឧស្សាហកម្ម 4.0, ទី៥-ពង្រឹងភាពលេចធ្លោ និង ភាពពាក់ព័ន្ធរបស់ ASEM និងទី៦-ដោះស្រាយបញ្ហាពហុវិស័យនានាជាអាទិ៍ ការប្រែប្រួអាកាសធាតុ ភាពក្រីក្រ ការ លើកកម្ពស់សិទ្ធិស្ត្រី ព្រមទាំងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត ។

សម្ដេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីបានចូលរួមនៅក្នុងដំណើរការ ASEM ឆ្នាំ២០០៤ កម្ពុជា បានយកចិត្តទុកដាក់ ចំពោះដំណើរការនៃកិច្ចប្រជុំកំពូលនេះ។ ការរក្សាសន្ទុះនៃដំណើរការ ASEM ពិតជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-19 នាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM13 នេះ ធ្វើឡើងក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ដែលនឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់ សម្រាប់ផលប្រយោជន៍ទៅវិញ ទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាល នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច បណ្តាលមកពី ជំងឺនេះផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner