ឥណ្ឌូនេស៊ី នឹងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃ ដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុង ក្របខ័ណ្ឌគម្រោងកម្មវិធី នៃការគ្រប់គ្រងព្រៃឈើនៅក្នុង មហាអនុ តំបន់មេគង្គ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម   រដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។

ឯកឧត្តមវេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ និងកោតសរសើរក្នុងខណ:ដែលឯកឧត្តមបានបំពេញការងា​រទទួលបានជោគជ័យក្នុងរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្តូនេស៊ីប្រចាំនៅកម្ពុជា។

 ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល វិស័យកសិកម្មកម្ពុជា ជាវិស័យអាទិភាពមួយ ហើយបានប្រែក្លាយទៅជាប្រទេសមួយដែលមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផង និងធ្វើការនាំចេញកសិផលសំខាន់ដែលមានសក្តានុពលសំខាន់ផង មានជាអាទិ៍៖ ស្រូវ អង្ករ ចេក ដំឡូងមីស្រស់-ក្រៀម គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃរួច ស្វាយស្រស់ ផលិតផលមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យកែច្នៃកសិផល និងខ្សែច្រវាក់តម្លៃបន្ថែម ជាពិសេសការចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើឲ្យកាន់តែល្អប្រសើរទ្វេឡើង និងរង់ចាំស្វាគមន៍ជានិច្ចចំពោះវិស័យឯកជនឥណ្តូនេស៊ីដែលមានបំណងធ្វើការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត ហើយបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យក្នុងការបន្តបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម Sudirman Haseng បានថ្លែងអំណរគុណចំពោះពេលវេលា និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូតថា នឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលបានរំលេចឡើងខាងលើដោយឯកឧត្តមរដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ចំពោះការគាំទ្របក្ខភាពរបស់ឯកឧត្តម Yuri Octavian Thamrin ដែលត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ដើម្បីទទួលបានតួនាទីជានាយកអង្គការព្រៃឈើអន្តរជាតិនៅតំបន់ត្រូពិក (International Tropical Timber Organization) សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ភាគីឥណ្ឌូនេស៊ី នឹងផ្តល់ការ  បណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងព្រៃឈើ និងភ្លើងឆេះព្រៃដល់មន្ត្រីរដ្ឋបាលព្រៃឈើកម្ពុជា ដែលស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោងកម្មវិធីនៃការគ្រប់គ្រងព្រៃឈើនៅក្នុងមហាអនុតំបន់មេគង្គ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូតក៏បានបន្ថែមថា ភាគីឥណ្ឌូនេស៊ីបានរៀបចំសេចក្តីព្រៀងអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថានឹងអាចចុះហត្ថលេខានាពេលវេលាសមស្របណាមួយខាងមុខ ៕ ដោយ៖ ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner