ប្រមុខការទូតជប៉ុនសម្តែងការព្រួយបារម្ភ ជុំវិញការបង្កើនសកម្មភាពយោធារបស់រុស្ស៊ី និងចិនក្បែរប្រទេសជប៉ុន

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក យ៉ីស៊ីម៉ាសា ហាយ៉ាស៊ី បានបង្ហាញនូវការ “ព្រួយបារម្ភជាខ្លាំង” ជុំវិញការកើនឡើងនៃសកម្មភាពយោធានាពេលថ្មីៗនេះដោយរុស្ស៊ី និងចិននៅជិតប្រទេសជប៉ុន នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរូវ។ នេះបើតាមប្រភពពីរដ្ឋាភិបាល។

ការកត់សម្គាល់បែបនេះរបស់លោក ហាយ៉ាស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានបញ្ជូនកងនាវាចរធ្វើនាវាចរណ៍ជុំវិញប្រទេសជប៉ុន និងបានធ្វើការល្បាតយន្តហោះទម្លាក់គ្រាប់បែករួមគ្នាលើដែនទឹកក្បែរនោះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងការបង្ហាញកម្លាំងជាក់ស្តែងប្រឆាំងនឹងទីក្រុងតូក្យូ។

ងតាមក្រសួងការបរទេសជប៉ុន លោក ហាយ៉ាស៊ី និងលោក ឡាវរូវ បានព្រមព្រៀងគ្នាជំរុញការចរចាលើសន្ធិសញ្ញាសន្តិភាព ដែលត្រូវបានជាប់គាំង ជុំវិញជម្លោះទឹកដីដ៏យូរលង់រវាងប្រទេសទាំងពីរផងដែរ។ នាឱកាសនោះដែរ ប្រមុខការទូតប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើប្រធានបទជាច្រើន រួមទាំងសកម្មភាពសេដ្ឋកិច្ចរួមគ្នា បញ្ហាជម្លោះនៃប្រជុំកោះដែលស្ថិតនៅភាគខាងជើងបំផុតនៃកោះហុកកៃដូ របស់ប្រទេសជប៉ុន និងបញ្ហាសន្តិសុខជាដើម។

លោក ហាយ៉ាស៊ី ត្រូវបានដកស្រង់សម្តីដែលបានប្រាប់លោក ឡាវរូវ ក្នុងអំឡុងពេលសន្ទនាប្រហែល ៤០នាទីថា លោកទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងលក្ខណៈ “ផលប្រយោជន៍ទៅវិញទៅមក”៕ ប្រភព៖ kyodonews

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner