អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តអំពាវនាវ ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗ គ្មាន ពន្ធ រួសរាន់បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ចំនួន ១០%

  ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមស្លាកលេខផ្សេងៗគ្មានពន្ធមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ការថ្លែងអំពាវនាវនេះបានធ្វើឡើងក្នុងគ្រាដែល ឯកឧត្តម គុណ ញឹម ដឹកនាំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការ​ប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាក​លេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី គុណ ញឹម បានឲ្យដឹងទៀតថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយបាន ជូនដំណឹងឲ្យម្ចាស់រថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល២ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យអ៊ុំទូកកន្លងទៅផងនោះមានរយៈពេល៦០ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១៦៤០គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន៨៣២គ្រឿង (៨៥គ្រឿងកែចង្កូតរួច) សរុបជាទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ជាតួលេខមួយល្អ»។

ថ្លែងពាក់ព័ន្ធទៅនឹង រថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ដូចជាស្លាកលេខ ខ.ម ស្លាកលេខរដ្ឋ ស្លាកលេខ ន.ប និងប្រភេទស្លាកលេខស៊ីវិលរាប់ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធផងនោះ ត្រូវបាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើការប៉ាន់ប្រមាណថា មានប្រហែលជិតមួយម៉ឺនគ្រឿង នៅកម្ពុជា៕ អត្ថបទដោយ៖លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner