កម្ពុជាស្រូបយកទុនវិនិយោគក្នុងវិស័យសំណង់បានប្រមាណ ជាង៩ពាន់៣រយលានដុល្លារសម្រាប់ឆ្នាំ២០១៩
សម្រាប់រយៈពេលពេញមួយឆ្នាំ ២០១៩នេះ វិស័យសំណង់នៅកម្ពុជានៅតែមានសន្ទុះកើនឡើងខ្លាំង ដោយមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង ៩ពាន់ ៣រយលានដុល្លារ។ ទំហំថវិការនេះកើនឡើងជាង ៧៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។

ការបង្ហាញពីថវិការប៉ាន់ប្រមាណលើទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ ក្នុងឱកាសសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសសន្និបាតនេះ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានលើកឡើងថា សម្រាប់ឆ្នាំ ២០១៩នេះ មានគម្រោងសាងសង់ចំនួន ៤៤៤៦ គម្រោង ដោយមានផ្ទៃក្រឡាសំណង់ចំនួន ជាង ១៨ លានម៉ែត្រការ៉េ ដោយកើនឡើងជាង ៧៨ ភាគរយ បើធាបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨កន្លងទៅ។ តាមទិន្នន័យក្នុងឆ្នាំ ២០១៨ មានគម្រោងសាងសង់ចំនួន ២៨៦៧ គម្រោង និងមានទុនវិនិយោគត្រឹមតែជាង ៥ពាន់លានតែប៉ុណ្ណោះ។

សម្រាប់ចំនួនគម្រោងសាងសង់ ក្នុងឆ្នាំ២០១៩នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ចំនួន៤០៨គម្រោង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជធានី ខេត្តចំនួន ៤០៣៨ គម្រោង។ តាមការលើកឡើងបន្ថែមរបស់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បញ្ជាក់ថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន៤៣២តម្រោង ស្មើនឹង៤៣៦អាគារ និងមានសំណង់លំនៅឋានចំនួន ៣ ៧៣២គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួនជាង ៨ លានម៉ែត្រការ៉េ ។

គិតពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ ២០១៩នេះ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ទូទាំងប្រទេសចំនួន ៤៨ ០០៤គម្រោង ដោយមានផ្ទៃក្រឡាសំណង់សរុបជាង ១៣១លានម៉ែត្រការ៉េ ក្នុងទំហំវិនិយោគប្រមាណជាង ជាង ៥១ពាន់លានដុល្លារ ។ ក្នុងនោះមានអាគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅសរុបចំនួន ១ ៦២៤ អាគារ៕ធ.ដ


