សមត្ថកិច្ចប្រកាសដាក់ឱសានវាទបិទទាំងស្រុងអាជីវកម្មល្បែងអនឡាញនៅដំណាច់ខែធ្នូ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជកម្ម និងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិនិត្យនិងពិភាក្សាការធ្វើអាជីវកម្មកាស៊ីណូអនឡាញក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជីវករកាស៊ីណូ នៅសាលាខេត្ដព្រះសីហនុ នារសៀលថ្ងៃអង្គារ ថ្ងៃទី ២៤ ខែធ្នូ  ២០១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជកម្ម មានប្រសាសន៍ថា ដើម្បីអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ យើងត្រូវប្រមូលទិន្នន័យទីតាំងល្បែងអនឡាញក្នុងសង្កាត់ ក្រុង ស្រុកនិមួយៗ និងត្រូវធ្វើការជូនដំណឹងជាសាធារណៈគ្រប់ទីតាំងកាស៊ីណូ ដើម្បីបិទ បញ្ចប់ជាស្ថាពរល្បែងអនឡាញ នៅត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ក្រោយពេលជូនសេចក្តីជូនដំណឹងរួច មន្ត្រីយើងនឹងចុះត្រួតពិនិត្យទីតាំងនៅក្នុងក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយអនុវត្តតាមចរាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងអនឡាញនៅព្រះរាជាណាចក្រកម្ពុជា គិតត្រឹមម៉ោង០០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការ ដើម្បីត្រួតពិនិត្យតាមដាននូវរាល់កាស៊ីណូទាំងឡាយណា នៅតែបន្តបើកល្បែង អនឡាញ ។

ដូច្នេះយើងត្រូវធ្វើការជូនដំណឹងដល់កាស៊ីណូក្នុងក្រុង ស្រុក ទាំង អស់ដែលមានល្បែងអនឡាញត្រូវបិទ មិនអនុញ្ញាតិបើកបន្តទៀតទេ ប្រសិនបើកាស៊ីណូ ឬកន្លែងណានៅតែបើកល្បែងអនឡាញ និងទទួលខុសត្រូវតាមផ្លូវច្បាប់ ។
ទន្ទឹមនោះ ឯកឧត្ដម ក៏បានណែនាំដល់មន្ត្រីគ្រប់ផ្នែក មិនត្រូវទៅរំខាន ឬបំភ័យដល់ជនបរទេស គឺត្រូវយកចិត្តដល់អ្នកវិនិយោគបរទេស និងខ្មែរ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការមកវិនិយោគនៅខេត្តព្រះសីហនុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner